នាពេលឆាប់ៗខាងមុខនេះ ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់តម្លៃជាង១០លានដុល្លារអាមេរិក ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

យោងតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ១០,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៦០កន្លែង។
គម្រោងរោងចក្រ ក្រោមទុនវិនិយោគប្រមាណ ១០,១លានដុល្លារអាម៉េរិកនេះ ត្រូវបានចេញវិញ្ញាបនបត្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
គម្រោងវិនិយោគបង្កើត រោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ នឹងត្រូវបោះទីតាំងស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយវិនិយោគដោយក្រុមហ៊ុន REGAL COLLECTIONS CO., LTD។

សូមជម្រាបថា បើគិតក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ គឺគម្រោងវិនិយោគបានកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែកក្នុងខែសីហា ឆ្នាំ២០២៥វិញ CDC បានបញ្ជាក់ថា បានសម្រេចចុះបញ្ជីឱ្យគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧ ពាន់កន្លែង។ ទុនវិនិយោគពីសំណាក់វិនិយោគិនកម្ពុជាបានឈានមុខគេដោយមានចំណែក ៤៥,៤៨% តាមពីក្រោយដោយប្រទេសចិន សិង្ហបុរី, អង់គ្លេសជាដើម។៕ អត្ថបទ៖ហ្សាលីន

