រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ពិសេសផ្លូវទៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ដើម្បីដោះស្រាយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី)មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងការសាងសង់ ផ្លូវអាកាសនិងផ្លូវរថភ្លើងក្រោមដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់ឱ្យដឹង ពីលោក ឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ តេជោចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។

លោកបន្តថា ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរ។