សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានប្រកាសជាជំហរថា កម្ពុជា ប្តេជ្ញារួមសាមគ្គីជាមួយអាស៊ាន ក្នុងការរួមគ្នាគ្រប់គ្រងគ្រោះមហន្តរាយនានាផងដែរ។

យោងតាមសារលិខិត «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ចំពោះការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ (ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ) រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ពិភពលោកបាននិងកំពុងប្រឈម ទៅនឹងវិបត្តិហានិភ័យជាច្រើន បង្កឡើងដោយធម្មជាតិ និងមនុស្ស ដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្តាលមកពី ការប្រែប្រួលអាកាសធាតុ ដោយបង្កឱ្យមានជាគ្រោះមហន្តរាយធម្មជាតិ រួមមានទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ភ្លើងឆេះព្រៃ ជំងឺរាតត្បាត។ល។ មកលើប្រទេសជាច្រើន មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រឡើយ។ ជាមួយគ្នានេះសង្គ្រាម និងជម្លោះប្រដាប់អាវុធនៅតំបន់មួយចំនួន ក្នុងពិភពលោកដែលជាគ្រោះមហន្តរាយដោយមនុស្ស បន្តវិវត្តលេចធ្លោឡើងប្រកបដោយភាពស្មុគស្មាញថែមទៀត។
សម្ដេចធិបតី បានបន្ថែមថា ដោយឡែកកម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ ក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត អគ្គិភ័យ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត បានបង្កផល ប៉ះពាល់ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។
ប៉ុន្តែទោះស្ថិតក្នុងកាលៈទេសៈណាក្តី រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុបដែលមានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយជាសេនាធិការ ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវិល ធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្គ្រោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ជាពិសេសការឆ្លើយតបដោយបំពេញកិច្ចការមនុស្សធម៌ ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលបង្កឡើងដោយជម្លោះនៅព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។
ជាថ្មីម្តងទៀត សម្ដេចធិបតី បានបញ្ជាក់ថា ប្រធានបទដែលត្រូវបានលើកយកមក ប្រារព្ធទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយនាឱកាសនេះ ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិ សម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ដែលជាការផ្សារភ្ជាប់ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមជាមួយថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ។
ទន្ទឹមគ្នានេះ សម្តេចថា ការប្រារព្ធទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយនាឱកាសនេះក៏បង្ហាញអំពីជំហរកម្ពុជា ក្នុងការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ាន ក្នុងការរួមគ្នាគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងស្មារតីការលើកកម្ពស់អាស៊ានតែមួយ និងស្របតាមក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០ផងដែរ៕អត្ថបទ៖ហ្សាលីន

