កសិករអឺរ៉ុបទាមទារឱ្យមានការដាក់វិធានការការពាឡើងវិញចំពោះអង្ករកម្ពុជានិងមីយ៉ាន់ម៉ា

សង្គម​ និង​សេដ្ឋកិច្ច

តំណាងក្រុមហ៊ុន Euricom Group ដែលបញ្ជាទិញអង្ករពីកម្ពុជា បានសំណូមពរឱ្យខាងភាគីកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្មលើសកម្រិតកំណត់របស់ច្បាប់សហគមន៍អឺរ៉ុប និងអំពីបញ្ហារបស់កសិករនៅអឺរ៉ុបកំពុងទាមទារឱ្យមានការដាក់វិធានរក្សាការពារឡើងវិញ (Safeguard) ចំពោះអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ដោយសារអង្កររបស់ប្រទេសទាំងពីរនេះកំពុងចរាចរច្រើននៅលើទីផ្សារសហគមន៍អឺរ៉ុប ដែលធ្វើឱ្យតម្លៃស្រូវរបស់កសិករនៅសហគមន៍អឺរ៉ុបមានការធ្លាក់ថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលីថ្មីៗនេះ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា “ទីផ្សារសហគមន៍អឺរ៉ុបមានតម្រូវការអង្ករប្រចាំឆ្នាំប្រមាណជា ១លាន ៤ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយអង្ករកម្ពុជាបានគ្របដណ្តប់ទីផ្សារសហគមន៍អឺរ៉ុបទាំងមូលប្រមាណជាជាង ៣០%”។
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ឆ្លើយតបថា រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់លើការកំណត់នូវវិធានការបន្ទាន់ មធ្យម និងរយៈពេលវែងលើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្ម តាមរយៈការបែងចែកតំបន់ដាំដុះ វិធានការត្រួតពិនិត្យថ្នាំនាំចូល និងការបង្រៀនកសិករក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មឱ្យបានត្រឹមត្រូវ។

ចំពោះបញ្ហាកង្វល់របស់កសិករនៅសហគមន៍អឺរ៉ុប, សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលផ្នែកបច្ចេកទេសរបស់សហព័ន្ធដើម្បីពន្យល់ដល់ភាគីពាក់ព័ន្ធទាំងអស់អំពីអង្ករកម្ពុជា ដោយអង្ករកម្ពុជាដែលលក់នៅក្នុងទីផ្សារសហគមន៍អឺរ៉ុប គឺជាប្រភេទអង្ករក្រអូបគ្រាប់វែង ដែលមានលក្ខណៈខុសពីអង្ករ ស មិនក្រអូបគ្រាប់កណ្តាលរបស់ប្រជាកសិករនៅក្នុងសហគមន៍អឺរ៉ុប។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Euricom Group ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងសហគមន៍អឺរ៉ុបមានអាយុកាលជាង ៦០ឆ្នាំ ដែលមានជំនាញខាងដាំដុះស្រូវ កិនស្រូវ ជួញដូរអង្ករ ផលិតអង្ករ នំ និងទឹកដោះគោធ្វើអំពីអង្ករ ។ល។ ដែលមានក្រុមហ៊ុនឧបសម្ព័ន្ធចំណុះចំនួន ២៣ គ្របដណ្តប់លើទីផ្សារចំនួន ១៤ នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសផ្សេងៗ ដោយប្រាក់ចំណូលនៅក្នុងឆ្នាំ២០២៤ របស់ក្រុមហ៊ុនមានចំនួន ៩៥០លានអឺរ៉ូ។

គួរជម្រាបជូនផងដែរថា គោលបំណងនៃការជួបពិភាក្សារវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន Euricom Group ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើការបញ្ជាទិញអង្ករពីកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។ នៅក្នុងកិច្ចប្រជុំនេះដែរតំណាងក្រុមហ៊ុន Euricom Group បានបង្ហាញអំពីការពេញចិត្តចំពោះអង្ករកម្ពុជាដែលមានគុណភាពល្អជាពិសេសអង្ករផ្ការំដួល និងអង្ករសែនក្រអូប ដែលក្រុមហ៊ុនបានបញ្ជាទិញនាពេលកន្លងមក ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេ នៅក្នុងឆ្នាំ២០០៩ ស្របពេលដែលកម្ពុជាចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ៕