ម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញអង្ករប្រចាំឆ្នាំប្រមាណជាង ៥ម៉ឺនតោន

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញអង្ករប្រចាំឆ្នាំមានបរិមាណប្រមាណជាជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥%ជាអង្ករក្រអូប។នេះបើតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងទស្សនកិច្ចរឹតចំណងសាមគ្គីភាពជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី, ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងទស្សនកិច្ចនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញប្រចាំឆ្នាំមានបរិមាណប្រមាណជាជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥%ជាអង្ករក្រអូប (អង្ករផ្ការំដួល និង សែនក្រអូប)។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសធំទី៥ ដែលប្រទេសម៉ាឡេស៊ីបាននាំចូលក្នុងចំណោមប្រទេសទាំង១២។ សម្រាប់ប្រទេសកម្ពុជា អង្ករពូជស្រូវផ្ការំដួល និងសែនក្រអូបគឺ ជាអង្ករដែលល្អសម្រាប់ទីផ្សារប្រទេសនេះ។

ជាមួយគ្នានោះ ប្រទេសម៉ាឡេស៊ីក៏បានសូមសំណូមពរឱ្យប្រទេសកម្ពុជាផលិតអង្ករប្រភេទនេះឱ្យបានកាន់តែច្រើនថែមទៀត ខណៈភាគីម៉ាឡេស៊ី សន្យានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ជាពិសេសនៅក្នុងខែកញ្ញា ជារដូវប្រមូលផលស្រូវមិនប្រកាន់ដូវវគ្គទី២ ផងដែរ។

សូមបញ្ចាក់ថា ប្រជាជនប្រទេសម៉ាឡេស៊ីចាប់ផ្តើមពេញនិយម និងកំពុងប្រើប្រាស់អង្ករកម្ពុជាមានកំណើនជាមធ្យមជាង ១០% ប្រចាំឆ្នាំ។ជាក់ស្តែងក្នុងឆ្នាំ២០២៣ ម៉ាឡេស៊ីធ្វើការនាំចូលប្រមាណជា ៥១ ១៨៤ តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ៣៦ លានដុល្លារអាមេរិក៕