យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Bahlil Lahadalia បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតនៅត្រឹមឆមាសទី២ នៃឆ្នាំ២០២៦ បន្ទាប់ពីមានការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តគម្រោងផលិតឥន្ធនៈស្អាត B50។ នេះបើតាមការចុះផ្សាយពីសារ VNA។

គួរឲ្យដឹងថា B50 គឺជាការលាយប្រេងម៉ាស៊ូតដែលអាចកកើតឡើងវិញបាន ដោយនោះរួមមានប្រេងដូងឆៅ ៥០% (CPO) និង ៥០% ទៀតជាប្រេងម៉ាស៊ូតហ្វូស៊ីលធម្មតា។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការតេស្តប្រេង B50 ដើម្បីចាក់ចូលយានយន្ត និងឧបករណ៍ម៉ាស៊ីនផ្សេងទៀត។
យ៉ាងណាមិញ ចំពោះរយៈពេលនៃការធ្វើតេស្តនេះ ត្រូវបានធ្វើរំពឹងទុកថានឹងចំណាយពេលប្រហែលពី ៦ ទៅ ៨ខែ ហើយក្នុងនោះរួមបញ្ចូលទាំងការចាក់សាកល្បងលើម៉ាស៊ីននាវា រថភ្លើង ឧបករណ៍ធុនធ្ងន់ និងគ្រឿងម៉ាស៊ីនផ្សេងទៀត ផងដែរ។
គួរឲ្យដឹងថា កម្មវិធី B50 គឺជាជំហានយុទ្ធសាស្ត្រមួយឆ្ពោះទៅរកការសម្រេចបាននូវអធិបតេយ្យភាពថាមពលជាតិ ជាមួយនឹងគោលដៅចុងក្រោយគឺការលុបបំបាត់ការនាំចូលប្រេងម៉ាស៊ូត។ ការផ្លាស់ប្តូរទៅប្រើ B50 មិនត្រឹមតែជួយប្រទេសឥណ្ឌូណេស៊ីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសក្តានុពលនៃប្រេងដូងដែលផលិតក្នុងស្រុក ពង្រឹងជីវភាពកសិករ និងធានាសន្តិសុខថាមពល ថែមទៀតផង។
ជម្រាបជូនថាបច្ចុប្បន្ន ឥណ្ឌូណេស៊ីនៅតែនាំចូលប្រេងម៉ាស៊ូតប្រមាណ ៤,៩ លានគីឡូលីត្រ ស្មើនឹង ១០,៥៨% នៃតម្រូវការក្នុងស្រុកសរុប។ ប៉ុន្តែនៅពេលដែល B50 ត្រូវបានដាក់ឱ្យដំណើរការពេញលេញ នោះបរិមាណនាំចូលទាំងនេះ នឹងត្រូវបានជំនួសទាំងស្រុង ដោយការផ្គត់ផ្គង់ក្នុងស្រុកវិញ៕

