នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia លោក Jensen Huang ត្រូវបានគេរាយការណ៍ថាគ្រោងនឹងជួបជាមួយមេដឹកនាំកំពូលៗរបស់ពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងផងដែរ នៅពេលដែលលោកត្រូវចូលរួមកិច្ចប្រជុំកំពូល CEO នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វី (APEC) នៅប្រទេសកូរ៉េខាងត្បូង ក្នុងខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Nvidia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា៖” លោក Huang និងចូលរួមក្នុងសកម្មភាពដើម្បីគូសបញ្ជាក់ពីការងាររបស់ Nvidia ដើម្បីជំរុញបច្ចេកវិទ្យា និងជំរុញកំណើននៅក្នុងប្រទេសកូរ៉េខាងត្បុង និងនៅទូទាំងសកលោក តាមរយៈ AI , មនុស្សយន្ត , ឌីជីថល ឦ និងរថយន្តស្វ័យប្រវត្តិ”។
គួរឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ប្រជុំ CEO កំពូលៗនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ពោលគឺដំណើរការស្របទៅនឹងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅពេលដែលប្រមុខនៃប្រទេសសមាជិកទាំង២១ នឹងប្រមូលផ្តុំគ្នា។
ជម្រាបថា លោក Huang ត្រូវបានគេរំពឹងថានឹងជួបជាមួយនាយកប្រតិបត្តិកំពូលនៅក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន SK Hynix ដែលមានសមត្ថភាពផលិតបន្ទះឈីបអង្គចងចាំប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ៕

