យោងតាមរដ្ឋអាជ្ញារបស់ប្រទេសបារាំង បានបង្ហាញឲ្យដឹងថា ក្រុមចោរបានលួចយកគ្រឿងអលង្ការតម្លៃជាង ១០០លានដុល្លារ ពីសារមន្ទីរ Louvre នៅក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋអាជ្ញាទីក្រុងប៉ារីស លោក Laure Beccuau បាននិយាយកាលពីថ្ងៃទី២១ ខែតុលាថា ៖”អ្នកថែរក្សាសារមន្ទីរ Louvre បានប៉ាន់ប្រមាណថាមានការខាតបង់រហូតដល់ទៅ ៨៨លានអឺរ៉ូ (ប្រហែល ១០២លានដុល្លារ)។ តែទោះជាយ៉ាងណា វាមិនត្រឹមតែខាតបង់ត្រឹមប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការខាតបង់នៃសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រទេសបារាំងដែលមិនអាចកាត់ថ្លៃបាន”។
យ៉ាងណាមិញ ក្រុមអ្នកស៊ើបអង្កេតកំពុងតាមប្រមាញ់ជនល្មើសនៃអំពើចោរកម្ម កាលពីថ្ងៃទី២១ ខែតុលា ដែលពួកគេជឿជាក់ថាជាក្រុមឧក្រិដ្ឋកម្មដែលបានប្រើប្រាស់ឡានដឹកទំនិញដើម្បីទម្លុះចូលទៅក្នុងសារមន្ទីរ Louvre ហើយបានគាស់លួចយកវត្ថុមានតម្លៃជាច្រើន។
ជម្រាបជូនថា ក្នុងចំណោមគ្រឿងអលង្ការដែលក្រុមចោរបានយកទៅនោះរួមមានខ្សែកត្បូងមរកត និងត្បូងពេជ្រដែលអធិរាជណាប៉ូឡេអុងប្រគល់ឱ្យភរិយារបស់ទ្រង់ Marie-Louise និងខ្សែករបស់អធិរាជ Eugenie ដែលមានពេជ្រជិត ២០០០ គ្រាប់៕

