ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពន្ធគយនាំចូលរបស់ចិន ដែលពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន Fentanyl នឹងត្រូវកាត់បន្ថយពាក់កណ្តាល ពីចំនួន ២០% មកនៅត្រឹម ១០% វិញប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៣០ ខែតុលានេះ អំឡុងពេលនៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីជំនួបជាមួយលោក ស៊ី ជិនពីង នៅខាងក្រៅកិច្ចប្រជុំ APEC ក្នុងប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយថា លោកនឹងកាត់បន្ថយពន្ធនាំចូលលើប្រទេសចិនដែលទាក់ទងទៅនឹង Fentanyl ១០% ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិរូបនេះ បានបង្ហើបឲ្យដឹងទៀតផងដែរថា លោកក៏បានឈានដល់ការចុះកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំជាមួយប្រទេសចិកន លើបញ្ហាធនធានរ៉ែកម្រ និងរ៉ែសំខាន់ៗ ផងដែរ។
លើសពីនេះ លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានទៀតថា កិច្ចប្រជុំជាមួយលោក ស៊ី គឺល្អខ្លាំងណាស់ ហើយការសម្រេចចិត្តសំខាន់ៗជាច្រើន ត្រូវបានធ្វើឡើង។
លោកក៏បានបន្ថែមទៀតថា ៖”ទីក្រុងប៉េកាំង នឹងខិតខំទប់ស្កាត់ការហូរចូលនៃថ្នាំញៀន Fentanyl ទៅក្នុងទឹកដីសហរដ្ឋអាមេរិក ហើយក៏នឹងបន្តទិញសណ្តែកសៀង និងផលិតផលកសិកម្មរបស់អាមេរិកផ្សេងទៀតផងដែរ។
ជម្រាបជូនថា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងកើនឡើងវិញ បន្ទាប់ពីមានភាពស្ងប់ស្ងាត់រយៈពេលប្រាំមួយខែ។ ហើយនៅថ្ងៃទី៩ ខែតុលា ប្រទេសចិនបានប្រកាសថា ខ្លួនកំពុងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរ៉ែដ៏កម្រជាលើកទីពីរនៅឆ្នាំនេះ ដែលជាវត្ថធាតុដើមដ៏សំខាន់មួយក្នុងឧស្សាហកម្មផលិតកម្មជាច្រើន រាប់ចាប់ពីគ្រឿងអេឡិចត្រូនិកប្រើប្រាស់រហូតដល់ឧបករណ៍យោធា។
បន្ទាប់មក លោក ត្រាំ បានឆ្លើយតបវិញដោយប្រកាសពីការដំឡើងពន្ធនាំចូល ១០០% លើទំនិញរបស់ចិន ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា បន្ថែមពីលើពន្ធស្រាប់ ស្របពេលប្រទេសទាំងពីរក៏មានភាពតានតឹងលើការដាក់អាជីវកម្មគ្នាមួយចំនួនទៅក្នុងបញ្ជីខ្មៅ ការដំឡើងថ្លៃកំពង់ផែ និងការកាត់បន្ថយការទិញសណ្តែកសៀង ផងដែរ៕

