ប្រទេសចិន កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមចាត់វិធានការថ្មីចុងក្រោយមួយ ដើម្បីផ្តល់អាជ្ញាប័ណ្ណនាំចេញរ៉ែកម្ររបស់ខ្លួន ដែលមានល្បឿនលឿនជាងមុន និងមានភាពរលូនជាងមុន ពោលគឺចាប់តាំងពីមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលបង្ហាញឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មចិន បានប្រាប់ក្រុមហ៊ុនមួយចំនួនថា ដំណើរការសម្រាប់ការទទួលបានអាជ្ញាប័ណ្ណនាំចេញរ៉ែកម្រ នឹងត្រូវបានសម្រួលនាពេលខាងមុខ ដោយគូសបញ្ជាក់ពីប្រភេទឯកសារដែលត្រូវការ។
យ៉ាងណាមិញ ចំពោះអាជ្ញាប័ណ្ណថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានសុពលភាពរយៈពេលមួយឆ្នាំ ហើយទំនងជាត្រូវបានអនុញ្ញាតឲ្យមានការនាំចេញរ៉ែកម្រកាន់តែច្រើន។ ហើយមិនតែប៉ុណ្ណោះ ដើម្បីរៀបចំឯកសារថ្មី ក្រុមហ៊ុននានា នឹងត្រូវសួរអតិថិជនទិញរ៉ែកម្រនៅក្រៅប្រទេសរបស់ពួកគេ សម្រាប់ព័ត៌មានបន្ថែម។
ជម្រាបជូនផងដែរថា ជុំវិញវិធានការបន្ធូរបន្ថយការនាំចេញរ៉ែកម្រនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែតុលាកន្លងទៅ៕

