នៅក្នុងលិខិតមួយផ្ញើទៅកាន់ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Berkshire Hathaway នាពេលថ្មីនេះ បិតាវិនិយោគ Warren Buffett បានធ្វើការចែករំលែកអំពីស្ថានភាពសុខភាពរបស់លោក ហើយបានបង្ហាញថាលោកនៅតែអាចទៅការិយាល័យជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកគំនិតថ្មីៗ សម្រាប់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NY Post។

នៅក្នុងលិខិតនោះ លោក Buffett បានសរសេរថា ៖” ខ្ញុំមានការភ្ញាក់ផ្អើលចំពោះសុខភាពរបស់ខ្ញុំនៅតែមានភាពល្អប្រសើរ។ ទោះបីជាខ្ញុំដើរយឺតជាងមុន ហើយការអានរបស់ខ្ញុំកាន់តែពិបាកក៏ដោយ ប៉ុន្តែខ្ញុំនៅតែអាចទោការិយាល័យ ៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយធ្វើការជាមួយមនុស្សល្អៗ”។
គួរឲ្យដឹងថា មហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិករូបនេះ តែងតែបន្តចែករំលែកអំពីស្ថានភាពសុខភាព អាយុ និងដំណើរការរយៈពេល ៦ ទសវត្សរបស់លោក ដែលបានដឹកនាំក្រុមហ៊ុន Berkshire ចាប់តាំងពីជាក្រុមហ៊ុនវាយនភណ្ឌតូចមួយ ឲ្យក្លាយទៅជាក្រុមហ៊ុនវិនិយោគចម្រុះដែលមានតម្លៃទីផ្សារដល់ទៅជាង ១ទ្រីលានដុល្លារ។
លោក Buffett បាននិយាយទៀតថា លោកនៅតែចង់បន្តរួមចំណែកជាគំនិតមានប្រយោជន៍ដល់ក្រុមហ៊ុន នៅក្នុងវ័យ ៩៥ឆ្នាំនេះ ដោយជឿថាលោកនៅតែអាចនាំមកនូវកិច្ចព្រមព្រៀងដែលមានមនុស្សតិចតួចណាស់អាចធ្វើវាបានសម្រាប់ក្រុមហ៊ុន។
ជម្រាបជូនផងដែរថា បើតាមការចុះផ្សាយពី Forbes បច្ចុប្បន្ន លោក Buffett មានទ្រព្យសម្បត្តិសរុបជាង ១៤៨ពាន់លានដុល្លារ ដោយភាគច្រើនទទួលបានពីការកាន់កាប់ភាគហ៊ុនច្រើនជាងគេ នៅក្នុងក្រុមហ៊ុន Berkshire៕

