ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យវិនិយោគបន្ថែមលើការអប់រំខ្លួនឯង និងកូនចៅជំនាន់ក្រោយ បើអាណិតស្រលាញ់ប្រទេសជាតិ។

តាមរយៈបណ្តាញសង្គម លោកឧកញ៉ា បានលើកឡើងបែបនេះថា៖ “បើយើងអាណិត ស្រលាញ់ប្រទេសជាតិយើង ចង់ឱ្យប្រទេសជាតិយើងខ្ពង់ខ្ពស់ មានកិត្តិយសឧត្តុង្គឧត្តម សូមវិនិយោគលើការអប់រំខ្លួនឯង និងកូនចៅជំនាន់ក្រោយរបស់កម្ពុជាយើង”។
លោកឧកញ៉ាអគ្គនាយក បានបន្ថែមថា វិស័យណាក៏ដោយអាចរីកចម្រើនទៅបាន លុះណាយើងមានចំណេះដឹងខ្ពស់ ជំនាញច្បាស់ ចរិតល្អមាំទាំសមស្រប សុខភាពល្អ និងឆន្ទៈ មនសិការស្រលាញ់សង្គមជាតិពិតប្រាកដ។

សូមជម្រាបថា កន្លងមក ឧកញ៉ា ប៉ិច បូឡែន ក៏ធ្លាប់បានលើកឡើងផងដែរថា ប្រទេសកម្ពុជាយើងពិតជាត្រូវការមូលធនមនុស្សល្អៗច្រើនទៀតណាស់ ដើម្បីអភិវឌ្ឍប្រទេសមួយនេះឱ្យរីកចម្រើនស្មើមុខស្មើមាត់នឹងប្រទេសជិតខាង កុំឱ្យគេនៅបន្តមើលងាយយើង។ លោកឧកញ៉ា ក៏បានអំពាវនាវដល់អ្នកមានលទ្ធភាព សូមជួយវិនិយោគបន្ថែមលើវិស័យអប់រំផងដែរ៕

