កម្ពុជា ស្នើឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស  បើកការស៊ើបអង្កេតដោយឯករាជ្យ ដាក់ទោសចំពោះឧក្រិដ្ឋកម្មដែលទាហានថៃធ្វើលើពលរដ្ឋស្លូតត្រង់នៅភូមិព្រៃចាន់

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា បើកការស៊ើបអង្កេតដោយឯករាជ្យ ដាក់ទោសចំពោះឧក្រិដ្ឋកម្មដែលទាហានថៃធ្វើលើពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កងយោធាថៃបានវាយប្រហារដោយប្រដាប់អាវុធមកលើជនស៊ីវិលកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា នៅក្នុងទឹកដីកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យប្រជាជនកម្ពុជា ស្លាប់ និងរបួស។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នងមកលើជនស៊ីវិលកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និងអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) ព្រមទាំងបានបំពានសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ ។

នៅក្នុងញត្តិបន្ទាន់នោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចជា៖ ១- បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា, ២-ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ, ៣-ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ, ៤-ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ , ៥-លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា, ៦-ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃស្ថានភាពនិងទប់ស្កាត់ការកើតឡើងវិញ។

បន្ថែមពីនោះ ចំណុចទី៧- ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង គ្មានលក្ខខណ្ឌ។

ទន្ទឹមនឹងនោះ គ.ស.ម.ក. ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និងចាត់វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕