កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៣ ៩០៩ លានដុល្លារអាមេរិកពីការនាំចេញកសិផល១១ខែ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះ កម្ពុជាបាននាំចេញកសិផលសរុបជាង៧លានតោន បើគិតជាទឹកប្រាក់ទទួលបានជាង៣ ៩០៩លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកកាលពីថ្ងៃទី៣០ខែវិច្ឆិកា បានឱ្យដឹងថា គិតត្រឹមរយៈពេល១១ខែឆ្នំា២០២៣នេះ ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ ភូតគាមអនាម័យជាតិ មានចំនួនជាង៧លានតោន ក្នុងនោះអង្ករមានចំនួនជាង ៥៩ម៉ឺនតោន, ស្រូវជាង២លាន ៤៩ម៉ឺនតោន និងកសិផលផ្សេងទៀតមានជាង៤លានតោន បាននាំចេញទៅទិសដៅ ៧៥ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍គូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលមានប្រមាណ ៣ ៩០០ លានដុល្លារអាមេរិក ហើយក្នុងនោះការនាំចេញអង្ករមានតម្លៃជាង ៥១៥លានដុល្លារអាមេរិក, ការនាំចេញស្រូវមានជាង៨៤០លានដុល្លារអាមេរិក និងការនាំចេញកសិផលផ្សេងទៀតមានជាង២ ៥៥៤ លានដុល្លារអាមេរិក។

បើតាមរបាយការណ៍ ការនាំចេញកសិផលនៅក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះមានការថយចុះ ជាង៤% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាឆ្នំា២០២២ ហើយារការថយចុះនេះដោយសារ,១)-ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្ម សកលដែលបានចុះខ្សោយរួចទៅហើយ រួមទំាងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹងនិងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លំាងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។ ២)-ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយដែលបណ្តាលមកពីការដោះដូរពាណិជ្ជកម្មតាមច្រករបៀងដោយមិនប្រើវិញ្ញាបនបត្រភូតភាគអនាម័យ។ ៣)-ទីផ្សារស្រូវក្នុងប្រទេសកម្ពុជានៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតែតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុកសម្រាប់កិនអង្ករនាំចេញ។ ប៉ុន្តែយើងសង្កេតឃើញថាការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានជាហូរហែ។ ៤)-ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដកម្ពុជាសម្រេចបានតាមកិច្ចសន្យាលើកទី១ ក្នុងបរិមាណចំនួន១ម៉ឺនតោន ក្នុងនោះបានត្រួតពិនិត្យនិងចេញវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញអង្ករទៅប្រទេសឥណ្ឌនេស៊ី សម្រាប់ខែតុលាមានចំនួន៦៥០០តោននិងខែវិច្ឆិកាមានចំនួន ៣៥០០តោន។

បើតាមរបាយការណ៍សរុបរយៈពេល១១ខែឆ្នំា២០២៣ ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល១១ខែឆ្នំា២០២៣នេះ នៅតែមានបរិមាណតិចជាងរយៈពេល១១ខែឆ្នំា២០២២ ប៉ុន្តែការនាំចេញមាននិន្នាការឡើងគួរឱ្យកត់សម្គាល់។ជាក់ស្តែងក្នុងខែវិច្ឆិកាឆ្នាំ២០២៣មានបរិមាណជាង១លានតោន កើនឡើងប្រមាណ៣៤ម៉ឺនតោន បើប្រៀបធៀបនឹងខែតុលាឆ្នំា២០២៣ដែលមានតែជាង៦៩ម៉ឺនតោន៕ សារេត