គណៈប្រតិភូអ្នកធុរិកិច្ចចិន បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូអ្នកធុរិកិច្ចចិន ដែលមកពីក្រុមហ៊ុន TopBrand Union បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ Baiyi Club ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន TopBrand Union, ស្ថាបនិក Baiyi Club និងជាប្រធាន China Brand Festival ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានឥទ្ធិពលមួយនៅប្រទេសចិនដើម្បីផ្សព្វផ្សាយម៉ាកយីហោចិនល្បីៗក្នុងវិស័យឧស្សាហកម្មផ្សេងៗ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូចិន ដែលមកទស្សនកិច្ចកម្ពុជា ខណៈលោកក៏សម្គាល់ឃើញថាវត្តមានរបស់ម៉ាកយីហោល្បីៗរបស់ចិនកំពុងតែលេចឡើង និងមានប្រជាប្រិយភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិច។លោក ក៏បានជម្រាបជូនថាកម្ពុជាបានមានគំនិតផ្តួចផ្តើមឧស្សាហកម្មសមាហរណ (Integrated Industrial Initiative) សំដៅចាប់យកនូវការវិនិយោគរបស់ចិនក្នុងចង្កោមឧស្សាហកម្មដែលអាចធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពិសេស ការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។

ក្នុងន័យនេះលោក ក៏ស្នើឱ្យគណៈប្រតិភូគិតគូរពីការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់ផងដែរ។

ជុំវិញរឿងនេះ លោក វ៉ាង យ៉ុង តំណាងប្រតិភូចិន បានធ្វើការកត់សម្គាល់ថាកម្ពុជាមានកណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស, មានស្ថិរភាពនយោបាយ, សំបូរធនធានធម្មជាតិ ហើយមានទីតាំងភូមិសាស្ត្រអំណោយផលដល់ការទាក់ទាញវិនិយោគ។ ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូចិន ក៏បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបានសួរនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យមួយចំនួន។

ជារួម សមាជិកគណៈប្រតិភូបានកត់សម្គាល់ឃើញថា កម្ពុជាមាន ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល។ លើសពីនេះ សមាជិកគណៈប្រតិភូបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន