ក្រុមហ៊ុនឯកជនកម្ពុជា ប្តេជ្ញាជំរុញការនាំចេញផ្លែឈើសម្ងួតកែច្នៃចំនួន៣មុខ ទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនឯកជនរបស់ប្រទេសកម្ពុជា បានប្តេជ្ញាជំរុញការនាំចេញផ្លែឈើសម្ងួតកែច្នៃដូចជា ដំណាប់ស្វាយ ចេក ម្នាស់ ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែប្រសើរថែមទៀត។នេះបើតាមជំនួបពិភាក្សារវាង លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយតំណាងក្រុមហ៊ុន Kölnmesse ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ ANUGA អំពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រក្នុងការត្រៀមលក្ខណៈរៀបចំ “ពន្លាជាតិ” (Country Pavilion) សម្រាប់ពិព័រណ៍ ANUGA នាពេលបន្ទាប់ នៅប្រទេសអាល្លឺម៉ង់ កាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការរៀបចំផែនការពង្រឹងវត្តមានផលិតផលកម្ពុជាឱ្យកាន់តែលេចធ្លោនៅក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈធំជាងគេបំផុតលំដាប់ពិភពលោក។តាមរយៈជំនួបនេះ លោក Valentin Tran នាយកប្រតិបត្តិនៃក្រុមហ៊ុន Andros Vietnam និង លោកស្រី Coree Carver នៃក្រុមហ៊ុន Grove Fruit Growers ក៏បានពិភាក្សាពីឱកាសសហប្រតិបត្តិការដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសផលិតផលផ្លែឈើសម្ងួតកែច្នៃដូចជា ដំណាប់ស្វាយ ចេក និងម្នាស់ ផងដែរ។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជា ក៏បានផ្លាស់ប្តូរការយល់ដឹងអំពីការអភិវឌ្ឍទីផ្សារ ភាពច្នៃប្រឌិតក្នុងការកែច្នៃផលិតផល និងយុទ្ធសាស្ត្របង្កើនការសហការអាជីវកម្មទាំងក្នុងស្រុកនិងក្រៅស្រុក។ ទន្ទឹមនឹងនេះ ក៏មានការលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការការពង្រឹងគុណភាពផលិតផល និងការបង្កើតភាពជាដៃគូរយៈពេលវែង ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ផងដែរ។

សូមជម្រាបថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២% ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤៕អត្ថបទ៖ហ្សាលីន