ក្រុមហ៊ុន Shanghai International Port Group (SIPG) មានផែនការវិនិយោគលើការសាងសង់យានដ្ឋាននាវាតាមបណ្ដោយព្រែកជីកហ្វូណនតេជោ។ នេះបើតាមរយៈជំនួបរវាង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ក្រុមហ៊ុន Shanghai International Port Group (SIPG) និងប្រតិភូ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងសាធារណការ បានឱ្យដឹងថា នៅជំនួបនេះ មានគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តការ និងពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីពិនិត្យអំពីផែនការវិនិយោគលើការសាងសង់យានដ្ឋាននាវាតាមបណ្ដោយព្រែកជីកហ្វូណនតេជោ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។
បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ៕





