អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជួយសាងសង់បង់អង្គុយ ​បង្គន់​អនាម័យ និងផ្តល់ប្រាក់​ខែដល់បុគ្គលិក​អនាម័យ​ អស់​រយៈពេល​ជាង១០ឆ្នាំ នៅខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានជួយសាងសង់បង់អង្គុយ ចំនួន ២០បង់ ​បង្គន់​អនាម័យ និងបានផ្តល់ប្រាក់​ខែដល់បុគ្គលិក​អនាម័យ​ អស់​រយៈពេល​ជាង១០ឆ្នាំ សម្រាប់បងប្អូនប្រជាពលរដ្ឋនាំកូនចៅ​មក​អង្គុយ​រង់ចាំ​ទទួល​សេវាកម្ម​ព្យាបាល​ នៅខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា វេលាម៉ោង​៩ព្រឹក​ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោកបានដឹកនាំ​ក្រុមការងារ​ចុះមក​ពិនិត្យ​មើល​ក្រុមជាង​ជួសជុល​ឡើងវិញ នូវ​បង់សម្រាប់ឱ្យប្រជាជន​មក​អង្គុយរង់ចាំ​ទទួល​សេវាកម្ម​ព្យាបាល​ នៅ​ខាងមុខ​មន្ទីរពេទ្យគន្ធបុប្ផា​ ចំនួន​២០បង់។​

អ្នកឧកញ៉ា បានរំឭកឱ្យដឹងថា ក្រោយពី​ទទួល​បាន​ការ​ឯកភាព​ពី​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ រួចហើយ​ រូបលោក​ព្រមទាំង​សប្បុរសជន​មួយចំនួន​បាន​នាំគ្នា​សាងសង់​បង់​អង្គុយ​នេះ កាលពី​ឆ្នាំ​២០១៥​យកមក​រៀបចំដាក់ជូន​ប្រជាជន​ ដែលបាននាំកូនចៅ​មក​អង្គុយ​រង់ចាំ​ទទួល​សេវាកម្ម​ព្យាបាល​ នៅខាងមុខ​មន្ទីរពេទ្យ​គន្ធ​បុប្ផា។ ដោយ​សង្កេត​ឃើញ​ថា​នៅទីនោះ​ គ្មាន​បន្ទប់​ទឹក​បង្គន់​​អនាម័យ លោកក៏បាន​សាងសង់បង្គន់អនាម័យស្រីមួយ ប្រុសមួយ ទុកជូនប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណៈ​ដោយឥតគិតថ្លៃ​ ព្រមទាំង​បាន​ចំណាយទៅលើការ​ថែទាំ​ជួសជុល​ និង​ប្រាក់​ខែកម្មករ​សំអាត​អនាម័យ​ អស់​រយៈពេល​ជាង១០ឆ្នាំ​កន្លងមកហើយ។

អ្នកឧកញ៉ាសមាជិកព្រឹទ្ធសភា បានបន្តថា រយៈពេល​ជាង១០ឆ្នាំ​បាន​កន្លងផុត​ទៅហើយ​ កៅអី​អង្គុយ​នេះ​នៅ​ហាលភ្លៀ​ង​ ហាលខ្យល់​ បណ្តាលឱ្យមាន​ការខូចខាតអស់មួយ​ចំនួន​ តម្រូវ​ឱ្យ​ជួសជុល​កែលម្អរឡើង​វិញ។​ ដូច្នេះ​ហើយបាន​ជាលោកសម្រេច​ចិត្ត​ឱ្យ​ក្រុមជាង​នាំគ្នា​មក​ជួសជុល​ ចំណែក​ឯបន្ទប់ទឹក​បង្គន់​អនាម័យ​ក៏មានការ​ខូចខាត​បាក់បែកផងដែរ​ ។

ក្នុង​ឱកាស​នេះផងដែរ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមថា ​ក៏មាន​សប្បុរសជន​ជាច្រើន​នាក់​បាន​ចូលរួម​បរិច្ចាគ​ផ្លែឈើ​ជាច្រើន​ប្រភេទ​ ដូចជា​លោកស្រី​ ណុប​ ស្រីឡាង ហាង​ចំការខ្មែរ​ ផ្លែ​ទន្ទាប់ចំនួន​១០០កេសស្មើនឹង​ ១,០០០​គីឡូក្រាម​, លោកស្រី​ ណាវី​ អ្នកផលិត​បាយក្តាំង​បាន​ចូលរួម​១០០កញ្ចប់​, លោក​ សេង​ ​ហាក់​ អ្នក​បោះ​ដុំផ្លែឈើ​ ផ្លែ​ទន្លាប់ ​៥០កេសស្មើនឹង ៥០០​គីឡូក្រាម​, លោកស្រី​ គឹម​ ហ័រ​ ផ្លែ​ស្ត្រូប៊រី​ ៣០កេស​ស្មើនឹង៣០០ប្រអប់​ ផ្លែក្រូច ៣៥កេសស្មើនឹង ​៤៥០គីឡូក្រាម​ សម្រាប់​យកមក​ចែកជូន​ប្រជាជន​ ព្រមទាំង​បាន​ជូនដល់​បុគ្គលិក​ និងលោក​វេជ្ជបណ្ឌិត ​ដែលជាអ្នក​បំពេញ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​នេះផងដែរ​៕