រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានបង្ហាញសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចអាមេរិក នៅពេលដែលលោករំពឹងទុកខ្ពស់ថាអតិផរណា ពន្ធ និងអត្រាការប្រាក់ នឹងធ្លាក់ចុះ នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសជាមួយ NBC លោក Bessent បាននិយាយថា ការបិទរដ្ឋាភិបាលរយៈពេល ៤៣ថ្ងៃបានធ្វើឲ្យខាត់បង់សេដ្ឋកិច្ចជាតិសរុប ១១ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែបង្ហាញសុទិដ្ឋិនិយមចំពោះទស្សនវិស័យកំណើននៅឆ្នាំក្រោយ ដោយសារតែការកាត់បន្ថយពន្ធក្នុងស្រុក និងអត្រាការប្រាក់ទាប។
យ៉ាងណាមិញ បើទោះបីជាវិស័យជាច្រើនដែលជំរុញសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ចំពោះអត្រាការប្រាក់ ដូចជាទីផ្សារលំនៅឋានធ្លាក់ចុះក៏ដោយ ប៉ុន្តែលោក Bessent នៅតែមិនជឿថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុងវិបត្តិនោះឡើយ។ លោកបានមានប្រសាសន៍ថា ៖”ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងអំពីឆ្នាំ២០២៦។ យើងកំពុងកសាងមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចដ៏រឹងមាំ និងមិនមានអតិផរណា”។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានបន្តអះអាងទៀតថា ការផ្លាស់ប្តូរគោលនយោបាយដូចជាការកំណត់ពន្ធបន្ថែម ការកាត់បន្ថយការប្រាក់កម្ចីរថយន្ត និងការកាត់បន្ថយមួយផ្នែកនៃពន្ធសន្តិសុខសង្គម ជួយបង្កើនប្រាក់ចំណូលពិតរបស់កម្មករ។ មិនតែប៉ុណ្ណោះប្រជាជនអាចទទួលបានប្រាក់សងពីពន្ធនៅត្រីមាសទីមួយនៃឆ្នាំ២០២៦ ដោយសារមានការកែសម្រួលទាំងនេះ។
លើសពីនេះ យោងតាមលោក Bessent រដ្ឋបាលមានគម្រោងប្រកាសវិធានការថ្មីមួយដើម្បីកាត់បន្ថយការចំណាយលើការថែទាំសុខភាព។ លោកក៏ជឿជាក់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀត នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ហើយព្យាករថារោងចក្រថ្មីៗ ជាច្រើននឹងបើកនៅទូទាំងសហរដ្ឋអាមេរិក៕

