រដ្ឋមន្ត្រីរតនាគារចេញមុខអះអាងថា សហរដ្ឋអាមេរិក មិនអាចធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចដាច់ខាត

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានបង្ហាញសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចអាមេរិក នៅពេលដែលលោករំពឹងទុកខ្ពស់ថាអតិផរណា ពន្ធ និងអត្រាការប្រាក់ នឹងធ្លាក់ចុះ នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសជាមួយ NBC លោក Bessent បាននិយាយថា ការបិទរដ្ឋាភិបាលរយៈពេល ៤៣ថ្ងៃបានធ្វើឲ្យខាត់បង់សេដ្ឋកិច្ចជាតិសរុប ១១ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែបង្ហាញសុទិដ្ឋិនិយមចំពោះទស្សនវិស័យកំណើននៅឆ្នាំក្រោយ ដោយសារតែការកាត់បន្ថយពន្ធក្នុងស្រុក និងអត្រាការប្រាក់ទាប។

យ៉ាងណាមិញ បើទោះបីជាវិស័យជាច្រើនដែលជំរុញសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ចំពោះអត្រាការប្រាក់ ដូចជាទីផ្សារលំនៅឋានធ្លាក់ចុះក៏ដោយ ប៉ុន្តែលោក Bessent នៅតែមិនជឿថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុងវិបត្តិនោះឡើយ។ លោកបានមានប្រសាសន៍ថា ៖”ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងអំពីឆ្នាំ២០២៦។ យើងកំពុងកសាងមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចដ៏រឹងមាំ និងមិនមានអតិផរណា”។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ បានបន្ត​អះអាងទៀត​ថា ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ដូចជា​ការ​កំណត់​ពន្ធ​បន្ថែម ការ​កាត់​បន្ថយ​ការ​ប្រាក់​កម្ចី​រថយន្ត និង​ការ​កាត់​បន្ថយ​មួយ​ផ្នែក​នៃ​ពន្ធ​សន្តិសុខ​សង្គម ជួយ​បង្កើន​ប្រាក់​ចំណូល​ពិត​របស់​កម្មករ។ មិនតែប៉ុណ្ណោះប្រជាជន​អាច​ទទួល​បាន​ប្រាក់​សង​ពីពន្ធ​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ២០២៦ ដោយសារ​មានការ​កែសម្រួល​ទាំងនេះ។

លើសពីនេះ យោងតាមលោក Bessent រដ្ឋបាលមានគម្រោងប្រកាសវិធានការថ្មីមួយដើម្បីកាត់បន្ថយការចំណាយលើការថែទាំសុខភាព។ លោកក៏ជឿជាក់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀត នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ហើយព្យាករថារោងចក្រថ្មីៗ ជាច្រើននឹងបើកនៅទូទាំងសហរដ្ឋអាមេរិក៕​