តម្លៃមាសអន្តរជាតិបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត ២សប្តាហ៍ចុងក្រោយ

អន្តរជាតិ

តម្លៃមាសអន្តរជាតិ ត្រូវបានគេរាយការណ៍ថានៅតែបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ បន្ទាប់ពីមានការរំពឹងទុកខ្ពស់ថាធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ នៅក្នុងខែធ្នូ ដែលជាេហតុធ្វើឲ្យមាសនៅតែក្លាយជាទ្រព្យសកម្មដ៏ពេញនិយម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅអំឡុងពេលបិទការជួញដូរចុងក្រោយ នៅថ្ងៃទី២៦ ខែវិច្ឆិកា តម្លៃមាសអន្តរជាតិបានហក់ឡើង ៣២ដុល្លារ ដល់ចំនួនសរុប ៤ ១៦២ដុល្លារ ក្នុងមួយអោន។ ពីមុនតម្លៃមាសបានកើនឡើងដល់ ៤ ១៧០ដុល្លារ ដែលជាកម្រិងខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីវគ្គជួញដូរចុងក្រោយ នៅថ្ងៃទី១៤ ខែវិច្ឆិកាមក។

យ៉ាងណាមិញ បើតាមលោក Edward Meir អ្នកវិភាគនៅប្រចាំនៅស្ថាប័ន Marex បាននិយាយថា ៖”តម្លៃមាសនៅតែបន្តកើនឡើង ដោយសារតែការផ្តោតអារម្មណ៍របស់វិនិយោគិនបានផ្លាស់ប្តូរចេញពីប្រាក់ដុល្លារអាមេរិក ហើយងាកទៅរកលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅខែធ្នូ ដោយធនាគារកណ្តាលសហរដ្ឋអាមេរិក”។

ជម្រាបជូនថា ទស្សនវិស័យសម្រាប់មាសនៅតែវិជ្ជមាន ដោយធនាគារភាគច្រើនព្យាករថាតម្លៃលោហៈធាតុនេះ នឹងនៅតែខ្ពស់ជាង ៤ ០០០ ដុល្លារក្នុងមួយអោន នៅឆ្នាំក្រោយ៕​