មេធំ​ JPMorgan ចេញសារព្រមានអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចអាមេរិក ដោយសារជម្លោះអ៊ីរ៉ង់

អន្តរជាតិ

លោក Jamie Dimon នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan ជឿជាក់ថាជម្លោះនៅមជ្ឈិមបូព៌ាអាចបង្កើតជាអតិផរណា និងអត្រាការប្រាក់ខ្ពស់ ដែលជាហេតុនាំឲ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតប្រចាំឆ្នាំរបស់លោក Dimon ដែលចេញដោយម្ចាស់ភាគហ៊ុន ចុះនៅថ្ងៃទី៦ ខែមេសា បានព្យាករពីទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំនេះ ដោយបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកឥឡូវនេះមានភាពរឹងមាំជាងឆ្នាំមុនៗ ដែលអាចជួយជ្រោមជ្រែអបានក្នុងកម្រិតខ្លះ ដើម្បីទប់ទល់នឹងហានិភ័យសកលដែលកំពុងលេចចេញឡើង ជាពិសេសពីជម្លោះនៅមជ្ឈិមបូព៌ា។

តែទោះជាយ៉ាងណាក៏ដោយ លោក Dimon បានអះអាងទៀតថា នោះមិនមែនមានន័យថាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹងបាត់ទៅវិញនោះឡើយ។

គួរឲ្យដឹងថា នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ដែលមានរយៈពេលជាងមួយខែកន្លងមកនេះ បានបង្កើនហានិភ័យនៃការប៉ះទង្គិចដ៏ធំដល់តម្លៃប្រេង និងទំនិញ។ ទាំងនេះក៏អាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ពោលគឺស្រដៀងគ្នាទៅនឹងអ្វីដែលបានកើតឡើង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

មេដឹកនាំក្រុមហ៊ុន JPMorgan រូបនេះ​ ក៏បានសង្កត់ធ្ងន់ទៀតថា ជម្លោះនេះ នឹងធ្វើឲ្យអតិផរណា និងអត្រាការប្រាក់កើនឡើង ដែលជាហេតុធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ នៅឆ្នាំនេះ។ លោក ព្រមានថាសេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺពឹងផ្អែកខ្លាំងទៅលើកំណើន និងទីផ្សារភាគហ៊ុនដើម្បីរក្សាសន្ទុះ ហើយប្រសិនបើបញ្ហានេះកើតឡើង នោះវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស អាចនឹងកើតមានឆាប់ៗ៕​