សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសការពារប្រជាជន ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖ ១. ការពារប្រជាជន និង ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចបានបន្ថែមជាមួយនឹងការអំពាវនាវថា សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។
សូមជម្រាបថា ក្រសួងការពារជាតិ នារសៀលថ្ងៃទី៨ ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មានជូនដល់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាម របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

