ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់អាជ្ញាធរខេត្តពង្រីកពង្រីកទីតាំងស្នាក់នៅ និងឆ្លើយតបបានទាន់ពេលវេលាដល់ជនភៀសសឹក ក្នុងស្ថានការណ៍ឈ្លានពានរបស់យោធាថៃនៅតែបន្ត

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះពិនិត្យស្ថានភាពជនភៀសសឹកតាមបណ្តាមណ្ឌលសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីយោធាថៃបើកបាញ់ប្រហារតាមបន្ទាត់ព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរៀបចំមណ្ឌលសុវត្ថិភាពឱ្យបានសមស្រប និងផ្គត់ផ្គង់រាល់តម្រូវការចាំបាច់ជូនជនភៀសសឹក។

ក្នុងនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរខេត្តបន្តពិនិត្យ និងពង្រីកទីតាំងមណ្ឌលសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្តល់ការស្នាក់នៅបណ្តោះអាសន្ន និងឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីស្ថានការណ៍ឈ្លានពានរបស់យោធាថៃនៅតែបន្ត។

យ៉ាងណាមិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា មកទល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាត់ចែងក្នុងការផ្តល់សម្ភារៈមួយចំនួនជូនជនភៀសសឹកសម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន។

រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពជាតិ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់នៅជាមួយប្រជាពលរដ្ឋជានិច្ច។

ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានត្រៀមរួចរាល់នូវអំណោយ ជាស្បៀង ដូចជា អង្ករ និងសម្ភារៈចាច់ជាច្រើនទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់ដែលបានជម្លៀសទៅមណ្ឌលសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕