បក្សកុម្មុយនីស្តចិន សង្ឃឹមថាចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា នឹងកាន់តែរីកចម្រើន

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរំពឹងថា ចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា នឹងកាន់តែរីកចម្រើនព្រមទាំងពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន។នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Xie Chuntao បានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ដែលមានជាមួយគ្នានាពេលបច្ចុប្បន្ននេះ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ នឹងជាការរួមចំណែកបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរឱ្យកាន់តែរីកចម្រើន។

លោករំលឹកថា កន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។

ជុំវិញរឿងនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ។ សម្ដេចតេជោបានបន្តទៀតថា វត្តមានរបស់លោក Xie Chuntao មកកាន់កម្ពុជានាពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។

តាមរយៈជំនួបខាងលើ សម្ដេចតេជោ សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនៈកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាល ពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ។ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន បច្ចុប្បន្ន សម្ដេចតេជោ ក៏សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា៕ អត្ថបទ៖ហ្សាលីន