រោងចក្រកែច្នៃ និងកម្ទេចសំណល់ ត្រៀមបោះទីតាំងនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោង បង្កើតរោងចក្រកែច្នៃ និងកម្ទេសចោលសំណល់ នឹងបោះទីតាំងនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នអន្តរក្រសួង បានបើកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំខាងលើ ធ្វើឡើងកាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានអធិបតីភាព លោក ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

គម្រោង បង្កើតរោងចក្រកែច្នៃ និងកម្ទេសចោលសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) គឺវិនិយោគដោយក្រុមហ៊ុន Mi Ner Va Investment Co, Ltd. ដែលមានទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានស្នើឱ្យអង្គប្រជុំទាំងមូលបានការចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានាដែលចាំបាច់ត្រូវដាក់ចេញដើម្បីកាត់បន្ថយនូវផលវិបាកដែលជៀសមិនផុត។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។

សូមជម្រាបថា ក្រុមហ៊ុន Mi Ner Va Investment Co, Ltd.មានទុនវិនិយោគសរុបប្រមាណ១០,៩ ដុល្លារអាមេរិក ដែលគ្រោងនឹងកែច្នៃនិងកម្ទេចសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) នៅក្នុងស្រុកដោយមិនមាននាំចូលពីក្រៅឡើយ៕ អត្ថបទ៖ហ្សាលីន