នាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ជប៉ុន ផ្លាស់ទៅរស់នៅវិមានដែលល្បីថាមានខ្មោចលង

អន្តរជាតិ

លោកស្រី Sanae Takaichi បានផ្លាស់ទៅរស់នៅក្នុងលំនៅឋានផ្លូវការសម្រាប់នាយករដ្ឋមន្ត្រីជប៉ុន នៅចំកណ្តាលទីក្រុងតូក្យូ ដែលជាកន្លែងដែលមានពាក្យចចាមអារ៉ាមថាមានខ្មោចទាហានលងបន្លាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៩ ខែធ្នូ លោកស្រី Takaichi បានផ្លាស់ទៅរស់នៅក្នុងវិមាននាយករដ្ឋមន្ត្រី Sori Kotei ដែលជាអគារធ្វើឡើងពីថ្ម និងឥដ្ឋនៅកណ្តាលទីក្រុងតូក្យូ ពោលគឺរយៈពេលពីរខែបន្ទាប់ពីចូលកាន់តំណែងមក។

យោងតាមអ្នកដែលជិតស្និទ្ធទៅនឹងនាយករដ្ឋមន្ត្រីស្ត្រីរូបនេះ បានបង្ហាញឲ្យដឹងទៀតថា ស្វាមីរបស់លោកស្រី គឺលោក Taku Yamamoto ក៏នឹងផ្លាស់ទៅស្នាក់នៅក្នុងលំនៅឋាននោះផងដែរ ដើម្បីអាចឲ្យលោកទទួលបានការមើលថែ និងការគាំទ្រពីសំណាក់ភរិយារបស់លោក ក្នុអំឡុងពេលកំពុងជាសះស្បើយពីជំងឺ។ លោក Yamamoto ដែលជាអតីតសមាជិកសភាតំណាងរាស្រ្ត ធ្លាប់បានរងរបួសដាច់សសៃឈាមខួរក្បាល។

គួរឲ្យដឹងថា ក្នុងរយៈពេលពីរខែកន្លងមកនេះ នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនរូបនេះ បានស្នាក់នៅក្នុងលំនៅឋានរបស់សភា ប៉ុន្តែក្រោយមកលោកស្រីបានប្រកាសថានឹងផ្លាស់ទៅរស់នៅវិមាន Sori Kotei វិញ ដើម្បីអាចដោះស្រាយគ្រាអាសន្នបានឆាប់រហ័សជាងមុន។

ជម្រាបជូនថា វិមាន Sori Kotei ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ១៩២៩ ស្ថិតនៅលើទីតាំងមួយដែលមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន។ នៅឆ្នាំ១៩៣២ នាយករដ្ឋមន្ត្រីជប៉ុននៅពេលនោះ គឺលោក Tsuyoshi Inukai ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីកងទ័ពជើងទឹកចំនួន ១១ នាក់ក្នុងអំឡុងពេលរដ្ឋប្រហារយោធា។ បួនឆ្នាំក្រោយមក បងថ្លៃរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺលោក Keisuke Okada និងមនុស្សបួននាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់នៅក្នុងរដ្ឋប្រហារមួយផ្សេងទៀតផងដែរ។ រឿងរ៉ាវទាំងនេះបានជំរុញឱ្យមានពាក្យចចាមអារ៉ាមថា វិមាននេះ តែមានខ្មោចលងបន្លាចជានិច្ច៕​