ឱកាសការងារចំនួន១៩,០២៣ កន្លែង នៅខេត្តកំពង់ស្ពឺ នឹងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

យោងតាមក្រសួងការងារ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារជិត២ម៉ឺនកន្លែងនៅខេត្ដកំពង់ស្ពឺនេះ ជ្រើសរើសក្នុងវិស័យឧស្សាហកម្ម ដែលមានជាច្រើនជំនាញដូចជា៖ អ្នកតម្លើងអគ្គិសនី, ផ្នែកដេរ, ផ្នែកអ៊ុត វេចខ្ចប់, បុគ្គលិកទូទៅ, អ្នកបញ្ជារម៉ាស៊ីនដេរ, ធ្វើស្បែកជើង និងអ្នកបញ្ចូលទិន្នន័យ។
ក្រសួងការងារបានបន្ថែមថា ក្រៅពីខេត្ដកំពង់ស្ពឺ, រាជធានី-ខេត្ដទូទាំងប្រទេសក៏បានប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។
ក្រសួងការងារ គូសបញ្ជាក់ថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ជាថ្មីម្ដងទៀត ក្រសួងក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕




