៥មករា ១៩៧៦-៥មករា២០២៦ នេះ ជាខួបលើកទី៥០នៃថ្ងៃរៀបការរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយា។
ស្របពេលថ្ងៃនេះជាខួបលើកទី៥០នៃថ្ងៃរៀបការ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា ពេលនោះអារម្មណ៍រៀបការដូចជាការប្រជុំទាហានមុនពេលចេញច្បាំង ឬយុទ្ធដំណើរ។

លើកឡើងលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា «ដោយសារការរៀបការនេះត្រូវធ្វើឡើងរហូត១៣គូផងនោះ ដូចនេះក្រោយម៉ោង៧ព្រឹកពួកយើងត្រូវតម្រង់ជួរជាពីរជួរតាមលេខរៀងប្រុសដោយប្រុសស្រីដោយស្រីដើម្បីចូលរោងការនៅរោងដោលមួយដែលគេសាងឡើងសម្រាប់ការប្រជុំ។សម្រាប់ខ្ញុំនៅលេខរៀងទី១៣ខាងបុរសឯភរិយាខ្ញុំនៅលេខរៀងទី១៣ខាងស្ត្រីដែលពេលនោះអារម្មណ៍ខ្ញុំគិតថាដូចជាការប្រជុំទាហានមុនពេលចេញច្បាំងឬយុទ្ធដំណើរ»។

សម្តេចតេជោ បញ្ជាក់ថែមថា ប៉ុន្មានឆ្នាំមុនសម្តេចបានសរសេរកូនសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលរៀបរាប់អំពីទំនាក់ទំនងរវាងសម្តេចផ្ទាល់និងភរិយា តាំងពីពុំទាន់ស្គាល់គ្នាតភ្ជាប់មកដល់ឆ្នាំ១៩៧៩។
សៀវភៅនេះត្រូវបានបញ្ចូលសំឡេងដោយកញ្ញាម៉ង់ ចាន់កញ្ញា និងត្រូវបានរៀបចំជាវីដេអូដោយក្រុមចម្រៀងគ្រួសារខ្មែរ។

ដើម្បីយល់ច្បាស់ពីដំណើរជីវិតមុនរៀបការនិងក្រោយរៀបការគិតត្រឹមខែមីនាឆ្នាំ១៩៧៤នៅពេលស្គាល់គ្នាដំបូងដល់ឆ្នាំ១៩៧៩ពេលជួបគ្នាវិញក្រោយការព្រាត់ដោយការឈឺចាប់។ សម្តេចបានបង្ហោះវីដេអូដែលដកស្រង់ចេញពីសៀវភៅគូព្រេងមិនព្រាត់ដូចខាងក្រោម៖

