លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាបានលើកឡើងថា វិស័យទេសចរណ៍កម្ពុជានៅតែបន្តរក្សាភាពធន់ និងបន្តរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់ នៅក្នុងបរិបទតំបន់ និងសកលលោកដែលមានភាពប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា។

លោកបានលើកឡើងបែបនេះនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។
លោក ហួត ហាក់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិការណ៍និងអរិភាពដែលកើតមានឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក មានដូចជា ទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតាងតឹង, ការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាកាលៈទេសៈដ៏លំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និង ពង្រឹងភាពម្ចាស់ការបន្ថែមទៀត។

ក្នុងន័យនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម៉្យាង បន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និង ម៉្យាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់។
សូមបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ដំណាច់ខែវិច្ឆិកា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចំនួន៥,១៧លាននាក់ ធ្លាក់ចុះប្រមាណ១៣,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤កន្លងទៅ៕


