សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ជូននិស្សិត ធ្លាប់សិក្សាក្រោម​អាហារូបករណ៍ របស់អតីតអ្នកឧកញ៉ា ចេន ហ្ស៊ី រហូតដល់ចប់បរិញ្ញាបត្រ

ជុំវិញ​ឧកញ៉ា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់អាហា​រូបករណ៍ជូននិស្សិតជាង ៤០០នាក់ ដែលធ្លាប់សិក្សាក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» របស់អតីតអ្នកឧកញ៉ា ចេន ហ្ស៊ី ឱ្យបន្តការសិក្សានៅ​តាមសាកលវិទ្យាល័យនានា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីអ្នកគ្រប់គ្រងអាហារូប​ករណ៍ «ចេន ហ្ស៊ី» បានជូនដំណឹងពីការបញ្ចប់អាហារូបករណ៍ទៅដល់និស្សិតដែល​កំពុងសិក្សាក្រោមអាហារូបករណ៍នេះ។ ទោះ​យ៉ាងណា ក្រោយទទួលបានសំណូមពរពីនិស្សិត សម្តេចតេជោ បានសម្រេចបន្តអាហារូបករណ៍នេះ ជូនដល់​និស្សិត​សម្រាប់ការបង់ថ្លៃសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្តែពុំមិនមានប្រាក់ឧបត្ថម្ភប្រចាំខែនោះទេ។

តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលកំពុងសិក្សាតាមសាកលវិទ្យាល័យ​នានា ក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» មានចំនួន ៤១៨នាក់ ស្ត្រី ១២៨នាក់។ ក្នុងនោះនិស្សិតចំនួន ១៦១នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ព័ត៌មានវិទ្យា ការគ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍, និស្សិត ២៥នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ផ្នែកសេដ្ឋកិច្ចឌីជីថល និងទេសចរណ៍ ហើយនិស្សិត ២៣២នាក់ កំពុងសិក្សានៅវិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា ផ្នែកវិស្វកម្មសំណង់ស៊ីវិល។

សូមជម្រាបថា អាហារូបករណ៍ «ចេន ហ្ស៊ី» គឺជាប្រភេទអាហារូបករណ៍ ១០០% ផ្តល់ជូនដល់និស្សិតរយៈពេល ៤ឆ្នាំ ព្រមទាំងមាន ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ វគ្គបណ្តុះបណ្តាល ឱកាស​កម្មសិក្សា ក៏​ដូចជា​ឱកាស​ការងារជាច្រើន​ផងដែរ។ និស្សិតមានជីវភាពខ្វះខាត ឬអ្នកមានបំណងចង់បានអាហារូបករណ៍នេះ ត្រូវចុះឈ្មោះចូលរួមប្រឡងប្រជែងគ្នា ហើយមកទល់​បច្ចុប្បន្ន អាហារូបករណ៍ «ចេន ហ្ស៊ី» មានចំនួន ៤ជំនាន់ហើយ ដោយមួយជំនាន់មានចំនួនប្រមាណ ១០០នាក់៕