សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ជូននិស្សិតជាង ៤០០នាក់ ដែលធ្លាប់សិក្សាក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» របស់អតីតអ្នកឧកញ៉ា ចេន ហ្ស៊ី ឱ្យបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។

ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីអ្នកគ្រប់គ្រងអាហារូបករណ៍ «ចេន ហ្ស៊ី» បានជូនដំណឹងពីការបញ្ចប់អាហារូបករណ៍ទៅដល់និស្សិតដែលកំពុងសិក្សាក្រោមអាហារូបករណ៍នេះ។ ទោះយ៉ាងណា ក្រោយទទួលបានសំណូមពរពីនិស្សិត សម្តេចតេជោ បានសម្រេចបន្តអាហារូបករណ៍នេះ ជូនដល់និស្សិតសម្រាប់ការបង់ថ្លៃសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្តែពុំមិនមានប្រាក់ឧបត្ថម្ភប្រចាំខែនោះទេ។
តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលកំពុងសិក្សាតាមសាកលវិទ្យាល័យនានា ក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» មានចំនួន ៤១៨នាក់ ស្ត្រី ១២៨នាក់។ ក្នុងនោះនិស្សិតចំនួន ១៦១នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ព័ត៌មានវិទ្យា ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍, និស្សិត ២៥នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកសេដ្ឋកិច្ចឌីជីថល និងទេសចរណ៍ ហើយនិស្សិត ២៣២នាក់ កំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វកម្មសំណង់ស៊ីវិល។
សូមជម្រាបថា អាហារូបករណ៍ «ចេន ហ្ស៊ី» គឺជាប្រភេទអាហារូបករណ៍ ១០០% ផ្តល់ជូនដល់និស្សិតរយៈពេល ៤ឆ្នាំ ព្រមទាំងមាន ប្រាក់ឧបត្ថម្ភប្រចាំខែ វគ្គបណ្តុះបណ្តាល ឱកាសកម្មសិក្សា ក៏ដូចជាឱកាសការងារជាច្រើនផងដែរ។ និស្សិតមានជីវភាពខ្វះខាត ឬអ្នកមានបំណងចង់បានអាហារូបករណ៍នេះ ត្រូវចុះឈ្មោះចូលរួមប្រឡងប្រជែងគ្នា ហើយមកទល់បច្ចុប្បន្ន អាហារូបករណ៍ «ចេន ហ្ស៊ី» មានចំនួន ៤ជំនាន់ហើយ ដោយមួយជំនាន់មានចំនួនប្រមាណ ១០០នាក់៕



