តម្លៃមាសអន្តរជាតិបន្តហក់ឡើងដល់ជិត ៥ ០០០ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងសកល

អន្តរជាតិ

តម្លៃមាសអន្តរជាតិ ត្រូវបានគេរាយការណ៍ថាបានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតប្រមាណ ៤ ៩៥៤ដុល្លារក្នុងមួយអោន ដែលត្រូវបានជំរុញដោយសារភាពតានតឹងជាសកល និងការចុះខ្សោយនៃប្រាក់ដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី២២ ខែមករា តម្លៃមាសសកលបានកើនឡើង ១០៣ដុល្លារភ្លាមៗ ដល់ចំនួន ៤ ៩៣៥ដុល្លារក្នុងមួយអោន។ ហើយលុះពេលបើកការជួញដូរឡើងវិញ នៅថ្ងៃទី២៣ ខែមករានេះ ទីផ្សារមាសបានបន្តនិន្នាការកើនឡើងរបស់ខ្លួនបន្ថែមទៀត ដោយឈានដល់ ៤ ៩៥៤ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះ បើយោងតាមលោក Peter Grant អ្នកយុទ្ធសាស្រ្តមាស ប្រចាំនៅស្ថាប័ន Zaner Metals បាននិយាយថា ៖” ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ប្រាក់ដុល្លារចុះខ្សោយ និងការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក កំពុងជំរុញឲ្យតម្រូវការមាសកើនឡើងបន្ថែមទៀត”។

ជម្រាបជូនថា សន្ទស្សន៍ប្រាក់ដុល្លារ ដែលជាការវាស់ស្ទង់ឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួនប្រាំមួយ បានធ្លាក់ចុះ ០,៤% គិតនៅត្រឹមថ្ងៃទី២២ ខែមករា ដែលធ្វើឱ្យមាសមានតម្លៃថោកជាង សម្រាប់អ្នកទិញនៅខាងក្រៅសហរដ្ឋអាមេរិក៕​