កូរ៉េខាងត្បូង សន្យាវិនិយោគលុយ ៣៥០ពាន់លានដុល្លារ នៅអាមេរិក ក្រោយលោក ត្រាំ គំរាមដំឡើងពន្ធ

អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ដើម្បីជាឆ្លើយតបទៅនឹងការគំរាមរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការការដំឡើងពន្ធដល់ ២៥%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង (Blue House) បានបញ្ជាក់ថាប្រទេសរបស់ខ្លួនកំពុងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានជាមួយសហរដ្ឋអាមេរក ក្នុងខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក Kang Yu-jung អ្នកនាំពាក្យការិយាល័យប្រធានាធិបតីបាននិយាយថា ៖”​ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះទៅកាន់ភាគីសហរដ្ឋអាមេរិក”។

យ៉ាងណាមិញ ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងបង្កើនពន្ធនាំចូលដល់ ២៥% លើរថយន្ត ឈើ និងឱសថកូរ៉េខាងត្បូង ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទសម្រាប់ការអនុវត្តនោះទេ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី២៦ ខែមករា លោកថែមទាំងបានចោទប្រកាន់កូរ៉េខាងត្បូងថា មិនបានបំពេញកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ជម្រាបជូនថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាមួយ។ ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមកាត់បន្ថយពន្ធលើរថយន្ត និងគ្រឿងបន្លាស់រថយន្តកូរ៉េខាងត្បូងដែលនាំចូលពី ២៥% មកត្រឹម ១៥% ដែលត្រូវគ្នានឹងពន្ធលើប្រទេសជប៉ុនដែរ។ ហើយកូរ៉េខាងត្បូងក៏បានយល់ព្រមវិនិយោគទឹកប្រាក់ចំនួន ៣៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកផងដែរ៕​