ប្រតិភូសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា បានមកជួបពិភាក្សាជាមួយក្រសួងកសិកម្ម ដើម្បីពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម ស្តីពីការជំរុញកសិ-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអាមេរិក។

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយលោក Kim Chha Hout ប្រធានសភាពាណិជ្ជកម្មកម្ពុជា-រដ្ឋកាលីហ្វ័រញ៉ា កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សំដៅជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

នាឱកាសនៃជំនួប លោក ឌិត ទីណា បានទទួលស្វាគមន៍វិនិយោគិនអាមេរិកក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា ហើយលើកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ដែលមានបំណងចង់វិនិយោគលើវិស័យផលិតកម្មសត្វ ការកែច្នៃ វេចខ្ចប់ បន្តពិនិត្យលទ្ធភាពដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។
នៅក្នុងជំនួបពិភាក្សាខាងលើនេះ ក្រសួងកសិកម្មកម្ពុជា ក៏បានជំរុញដល់ធុរជនអាមេរិក ពង្រឹងនិងពង្រីកការវិនិយោគនិងការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយក្រសួងកសិកម្មនឹងរួមចំណែកសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះថែមទៀត៕អត្ថបទ៖ ហ្សាលីន


