សម្តេចធិបតី៖ អបអរសាទរផ្លូវថ្មើរជើង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអបអរសាទរផ្លូវថ្មើរជើង ដែលបានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បន្ទាប់ពីបានដាក់ឱ្យដំណើរការបានរយ:ពេល១ឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ផ្លូវថ្មើរជើងមួយខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។ឮ

ជាមួយគ្នានេះ សម្តេចធិបតីបន្តថា រាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។

ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ សម្តេចធិបតី បញ្ជាក់ថា អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។

សូមជម្រាបដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ ដើម្បីជំរុញឱ្យទេសចរណ៍ជាតិ និងអន្តរជាតិ បានដើរកម្សាន្តនៅលើផ្លូវនេះរៀងរាលសប្តាហ៍៕ អត្ថបទ៖ហ្សាលីន