អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប នៅព្រលឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញរូបថតអនុស្សាវរីយ៍កាលនៅជានាយទាហាន ក្នុងអង្គភាពនាយកដ្ឋានភូមិសាស្ត្រ នៃក្រសួងការពារជាតិ តាំងពី ៣១ឆ្នាំមុន និងលិខិតឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំ ដើម្បីចុះបំពេញបេសកកម្មការងារ។

អ្នកឧកញ៉ា បានឱ្យដឹងលើបណ្តាញសង្គមបែបនេះថា៖ “យប់នេះគេងមិនលក់ភ្ញាក់ពីដំណេកតាំងពីម៉ោង៣ទៀបភ្លឺ បើកទូរស័ព្ទមើលរូបថតចាស់ៗដែលបានបន្សល់ទុកពីមុនមក បានប្រទះឃើញរូបថត វរសេនីយ៍ត្រី ម៉ុង ឫទ្ធី ព្រមទាំងលិខិតឧទ្ទេសនាម លេខ ០11/ឧន 95 ចុះថ្ងៃទី១១ ខែមករា ឆ្នាំ១៩៩៥ ដែលមានចុះហត្ថលេខាដោយ លោកឧត្តមសេនីយ៍ទោ អ៊ុន ដែន ជាមេបញ្ជាការ អង្គភាព នាយកដ្ឋានភូមិសាស្ត្រ។ បើគិតមកដល់ពេលនេះមានរយៈពេល ៣១ឆ្នាំ បានកន្លងផុតទៅហើយ”។
«កាលណោះប្រទេសយើងនៅមិនទាន់បានបិទបញ្ចប់សង្គ្រាមនៅឡើយទេ រហូតមកដល់ឆ្នាំ១៩៩៨ ទើបខ្មែរក្រហមយល់ព្រមធ្វើសមាហរណកម្មបញ្ចប់សង្គ្រាម ខ្ញុំបានចូលបម្រើក្នុងជួរកងទ័ពអស់រយៈពេល ១១ឆ្នាំ ទើបបានពាក់ស័ក្តិ៤នេះ”។ អ្នកឧកញ៉ា បានបន្ត។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា រូបថតនេះលោកចង់ឱ្យក្មេងៗជំនាន់ក្រោយបានឃើញថា ឪពុកម្ដាយជីដូនជីតា កាលពីជំនាន់មុន មិនមានទូរស័ព្ទដៃឬសម្ភារៈទំនើបៗដូចបច្ចុប្បន្ននេះទេ ពេលធ្វើដំណើរទៅណាមកណាម្តងៗ សុទ្ធតែត្រូវប្រើលិខិតឧទ្ទេសនាមស្ទើរតែទាំងអស់។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យកសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ ព្រមទាំងបច្ចុប្បន្នមានតួនាទីជាសមាជិកព្រឹទ្ធសភាផងដែរ៕



