អ្នកឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញរូបថតកាលនៅជានាយទាហាន តាំងពីជាង ៣០ឆ្នាំមុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប នៅព្រលឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញ​រូបថត​អនុស្សាវរីយ៍កាលនៅជានាយទាហាន ក្នុងអង្គភាពនាយកដ្ឋានភូមិសាស្ត្រ នៃក្រសួងការពារជាតិ តាំងពី ៣១ឆ្នាំមុន និងលិខិត​ឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំ ដើម្បីចុះបំពេញ​បេសកកម្មការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បានឱ្យដឹងលើបណ្តាញសង្គមបែបនេះថា៖ “យប់នេះគេងមិនលក់​ភ្ញាក់ពីដំណេក​តាំងពី​ម៉ោង​៣ទៀបភ្លឺ​ បើក​ទូរស័ព្ទ​មើលរូបថត​ចាស់ៗ​ដែលបាន​បន្សល់ទុក​ពីមុនមក​ បាន​ប្រទះឃើញ​រូបថត​ ​វរសេនីយ៍ត្រី​ ម៉ុង​ ឫទ្ធី​ ព្រម​ទាំង​​លិខិត​ឧទ្ទេសនាម​ លេខ​ ០11/ឧន​ 95 ចុះថ្ងៃទី​១១​ ខែ​មករា​ ឆ្នាំ​១៩៩៥ ដែលមាន​ចុះ​ហត្ថលេខា​ដោយ ​លោក​ឧត្តម​សេនីយ៍​ទោ​ អ៊ុន​ ដែន​ ជាមេ​បញ្ជាការ​ អង្គភាព​ នាយកដ្ឋាន​ភូមិសាស្ត្រ។​ បើគិត​មកដល់​ពេល​នេះ​មាន​រយៈពេល​ ៣១ឆ្នាំ​ បាន​កន្លងផុតទៅហើយ​”។

«កាលណោះ​ប្រទេសយើងនៅ​មិនទាន់​បាន​បិទ​បញ្ចប់​សង្គ្រាម​នៅឡើយទេ​ រហូតមកដល់​ឆ្នាំ​១៩៩៨ ទើប​ខ្មែរ​ក្រហម​យល់ព្រម​ធ្វើ​សមាហរណកម្ម​បញ្ចប់​សង្គ្រាម​ ខ្ញុំ​បានចូល​បម្រើ​ក្នុងជួរ​កងទ័ព​អស់រយៈពេល ​១១ឆ្នាំ​ ទើបបាន​ពាក់​ស័ក្តិ​៤នេះ​”។ អ្នកឧកញ៉ា បានបន្ត។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា រូបថតនេះ​លោកចង់ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយបានឃើញថា​ ឪពុក​ម្ដាយ​ជីដូន​ជីតា ​កាលពី​ជំនាន់មុន​ មិនមាន​ទូរស័ព្ទ​ដៃ​ឬ​សម្ភារៈ​ទំនើបៗ​ដូច​បច្ចុប្បន្ន​នេះទេ​ ពេល​ធ្វើ​ដំណើរ​ទៅណាមកណា​ម្តងៗ​ សុទ្ធតែត្រូវ​ប្រើ​លិខិត​ឧទ្ទេសនាម​ស្ទើរតែ​ទាំងអស់​។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យ​កសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ ព្រមទាំងបច្ចុប្បន្នមានតួនាទីជាសមាជិកព្រឹទ្ធសភាផងដែរ៕