នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីពេលថ្មីៗនេះ បានប្រកាសពីការលុបចោលនូវដែនកំណត់នៃការចុះបញ្ជីយានយន្តអគ្គិសនី និងថែមទាំងបានដាក់ចេញវិធានការផ្តល់ជូនទឹកប្រាក់ចំនួន ១,៦៨ពាន់លានដុល្លារ ដើមើ្បឧបត្ថម្ភដល់ការទិញរថយន្ត EV របស់ពលរដ្ឋខ្លួន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ជុំវិញយុទ្ធសាស្រ្តយានយន្តអគ្គិសនីថ្មីរបស់ប្រទេសកាណាដានេះ គឺមានគោលបំណងកាត់បន្ថយបន្ទុកលើឧស្សាហកម្មយានយន្តនៅក្នុងស្រុក។
មិនតែប៉ុណ្ណោះ យោងតាមសេចក្តីប្រកាសរបស់លោក Carney បានបង្ហាញឲ្យដឹងទៀតថា រដ្ឋាភិបាលនឹងធ្វើការបែងចែកថវិកាចំនួន ១,៦៨ពាន់លានដុល្លារ ដើម្បីគាំទ្រដល់បុគ្គល និងអាជីវកម្មក្នុងការទិញ ឬជួលយានយន្តអគ្គិសនី។ នេះមានន័យថាពលរដ្ឋកាណាដាម្នាក់ នឹងទទួលបានទឹកប្រាក់ប្រមាណជាង ៣ ៦៥០ដុល្លារ សម្រាប់ការទិញរថយន្ត EV មកប្រើប្រាស់។
លើសពីនេះ កាណាដា ក៏នឹងចំណាយទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារកាណាដាបន្ថែមទៀត ដើម្បីអភិវឌ្ឍលើប្រព័ន្ធស្ថានីយសាកថ្ម និង ៣,១ពាន់លានដុល្លារកាណាដា លើឧស្សាហកម្មយានយន្តរបស់ប្រទេស ដើម្បីផ្លាស់ប្តូរទៅផលិតយានយន្តអគ្គិសនី ផងដែរ៕

