នាយកប្រតិបត្តិ និងជាអ្នកបោះពុម្ពផ្សាយជាន់ខ្ពស់របស់កាសែត The Washington Post លោក Will Lewis នឹងចុះចេញពីតំណែងភ្លាមៗ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែតដ៏ល្បីល្បាញដែលគ្រប់គ្រងដោយមហាសេដ្ឋី Jeff Bezos បានប្រកាសកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឲ្យដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Lewis កន្លងមកបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងសំណាក់អ្នកអាន និងបុគ្គលិករបស់ស្ថាប័នកាសែតនេះផ្ទាល់ ក្នុងអំឡុងពេលកាន់តំណែងរយៈពេលពីរឆ្នាំរបស់លោកកន្លងមកនេះ នៅពេលដែលក្រុមហ៊ុនហាក់ទទួលរងនូវការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។
លោក Lewis ដែលជាជនជាតិអង់គ្លេស ត្រូវបានជំនួសដោយលោក Jeff D’Onofrio អតីតនាយកប្រតិបត្តិនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Tumblr ដែលបានចូលរួមជាមួយកាសែត Washington Post ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុកាលពីឆ្នាំមុន។នេះបើយោងតាមការប្រកាសរបស់កាសែត។
ជម្រាបជូនថា ការចាកចេញរបស់លោក Lewis បានកើតឡើង បន្ទាប់ពីអ្នកកាសែតរបស់ Washington Post រាប់រយនាក់ រួមទាំងបុគ្គលិកបរទេស ក្នុងស្រុក និងផ្នែកព័ត៌មានកីឡាភាគច្រើនរបស់ខ្លួន ត្រូវបានបញ្ឈប់ពីការងារ នៅក្នុងការកាត់បន្ថយការងារទ្រង់ទ្រាយធំមួយ ដែលបានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍មុន។
យ៉ាងណាក៏ដោយ កាសែត The Washington Post មិនបានបង្ហាញពីចំនួនការងារជាក់លាក់ដែលត្រូវបានជម្រុះចោលនោះទេ ប៉ុន្តែបើយោងតាមកាសែត The New York Times បានរាយការណ៍ថា អ្នកកាសែតប្រហែល ៣០០ នាក់ក្នុងចំណោមចំនួនសរុប ៨០០ នាក់ ត្រូវបានបញ្ឈប់ពីការងារ៕

