វិទ្យាស្ថាន ERIA ប្តេជ្ញាសហការគាំទ្រលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) បានលើកឡើងថា កម្ពុជាមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិតផ្តល់នូវលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍទេសចរណ៍ ខណៈខ្លួននឹងចូលរួមចំណែកជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួបពិភាក្សាការងារ រវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនោះ លោក ហួត ហាក់ បានលើកឡើងថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងកម្ពុជាជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា  បានប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀត ជាពិសេសក្នុងវិស័យទេសចរណ៍ដែលបានទទួលកិច្ចសហប្រតិបត្តិការគាំទ្រជាបន្តបន្ទាប់ពីវិទ្យាស្ថានរហូតមក។​

នាឱកាសនោះ លោក ហួត ហាក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកប្រធានវិទ្យាស្ថាន និងវិទ្យាស្ថានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគំាទ្រក្រសួងទេសចរណ៍ទាំងនៅក្នុងប្រទេស ក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិរហូតមក។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានថ្លែងអំពីចំណាប់អារម្មណ៍លើកការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ធានាបានគឺពិតជាកត្តាដ៏សំខាន់ និងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសគឺវិស័យទេសចរណ៍។

លោក ក៏បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលកម្ពុជាមាន គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិតផ្តល់នូវលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍទេសចរណ៍ និងចូលរួមចំណែកជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា បានចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១២ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល១៤ឆ្នាំ៕