(ភ្នំពេញ)៖ ក្នុងស្មារតី «ខ្មែររួបរួមគ្នា ខ្មែរឈ្នះ» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុស្នេហាជាតិមាតុភូមិ «មូលនិធិ បុរី មេគង្គ លែន» ដែលជាមូលនិធិសប្បុរសធម៌ពី បុរី មេគង្គ លែន ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចជា ក្រុមហ៊ុន KNN MACHINERY, ក្រុមហ៊ុន KNN AUTOMOTIVE និងផ្សារសហគមន៍ MC Park ព្រមទាំងម្ចាស់ផ្ទះគ្រប់គម្រោង បុរី មេគង្គ លែន និងប្រជាពលរដ្ឋខ្មែរ បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់ជាច្រើនសន្ធឹកសន្ធាប់ សរុបជាទឹកប្រាក់ជាង ៥០,០០០ ដុល្លារអាមេរិក ទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ចំនួន ១,០៦០គ្រួសារ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ ធ្វើឡើងក្រោមកិច្ចផ្តួចផ្តើមផ្ទាល់ពី អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្តា ដោយមានការរួមចំណែកយ៉ាងសកម្មពីសំណាក់សប្បុរសជន ម្ចាស់ផ្ទះ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងដៃគូសហការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមានក្រុមហ៊ុន KNN MACHINERY, ក្រុមហ៊ុន KNN AUTOMOTIVE និងផ្សារសហគមន៍ MC Park។
មូលនិធិ បុរី មេគង្គ លែន បានប្រគល់គ្រឿងឧបភោគបរិភោគសម្រាប់វីរកងទ័ព និងប្រជាជនភៀសដោយអំណោយរួមមាន៖
- ស្បៀងអាហារ៖ អង្ករ ៥០.៧តោន, ត្រីងៀតឆ្អិនស្រាប់ ១,០០០ គីឡូ, ទឹកស៊ីអ៊ីវ ១១០យួរ, ទឹកត្រី ១១០យួរ, ស្ករគ្រាប់ ៥០ម៉ឺនគ្រាប់, ខ្ទឹមស ៧០គីឡូ, អំបិល ២៥០គីឡូ, មី ១៣កេស, ទឹកសុទ្ធ ៤៧៨យួរ, នំខ្មែរ ៥កេស, ស្ករដំណាប់ ១កេស, កាហ្វេ ២០កញ្ចប់ធំ និង បារី ២,០០០កញ្ចប់
- សុខភាព និងអនាម័យ៖ ថ្នាំបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ ១,០០០បន្ទះ, វីតាមីនស៊ី ១២,០០០កញ្ចប់, សាប៊ូដុសខ្លួន ៥០០ដុំ, ស្ព្រៃបាញ់មូស ៥០០ដប, សំឡីអនាម័យ ២កេស
- សម្ភារប្រើប្រាស់៖ សម្លៀកបំពាក់បុរស ស្រ្ដី និងកុមារ (អាវរងា អាវយឺត ខោ) ២,២០០ សម្រាប់, និង ធុងស្តុកទឹកមានគម្រប ៤០០ធុង។
គួររំលឹកផងដែរថា នេះគឺជាបេសកកម្មមនុស្សធម៌លើកទី២ ហើយ បន្ទាប់ពីទទួលបានជោគជ័យក្នុងយុទ្ធនាការដំបូងកាលពីខែសីហាកន្លងទៅ នៅខេត្តឧត្តរមានជ័យ ដែលយុទ្ធនាការនោះបានចំណាយថវិកាជាង ៣០,០០០ ដុល្លារអាមេរិក ដើម្បីប្រគល់សម្ភារចាំបាច់ និងវត្ថុប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការការពារសុខភាព។













