រដ្ឋបាលគយកម្ពុជា និងកូរ៉េ ឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗ ចំនួន៤

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-កូរ៉េ ឯកភាពគ្នា នឹងជំរុញកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗ ចំនួន៣ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយក-រដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយគណៈប្រតិភូនៃរដ្ឋបាលគយកូរ៉េ ដឹកនាំដោយ លោក LEE, Myeong-ku អគ្គនាយក នៃរដ្ឋបាលគយកូរ៉េ កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ គឺធ្វើឡើងគោលបំណងបន្តលើកកម្ពស់កិច្ចសហ-ប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការអនុវត្តប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នាឱកាសនោះ លោក គុណ ញឹម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយកូរ៉េ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់កសាង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស។ ជាក់ស្តែង រដ្ឋបាលគយទាំងពីរបានបញ្ជូនមន្ត្រីគយនិងរដ្ឋាករនៃរដ្ឋបាលគយរបស់ខ្លួន ដើម្បីចូលរួម អនុវត្តប្រតិបត្តិការ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៃសាធារណរដ្ឋកូរ៉េ និងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

នាឱកាសនោះដែរ លោក LEE, Myeong-ku ក៏បានសរសើរយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយរដ្ឋបាលគយកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

សូមជម្រាបដែរថា អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ ដោយផ្តោតលើ ១. ការគ្រប់គ្រងហានិភ័យ, ២. ការការពារកម្មសិទ្ធិបញ្ញា (IPR), ៣. យន្តការនៃការផ្លាស់ ប្តូរព័ត៌មាន និង៤. ឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦។

ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាលើចំណុចសំខាន់ៗ រួមមាន៖ ១. បន្តជំរុញ និងអនុវត្តទំនើបកម្ម និងកំណែទម្រង់គយ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ, ២. ពិនិត្យលើគម្រោងប្រតិបត្តិការរួមគ្នារវាង រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េ ស្តីពីការការពារកម្មសិទ្ធិបញ្ញា, ៣. បង្កើតនិងជំរុញយន្តការនៃការផ្លាស់ប្តូរព័ត៌មានស្ថិតិ និងព័ត៌មានសម្ងាត់ ដោយមានសុវត្ថិភាព និងទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់, ការរត់គេចពន្ធ និងបទល្មើសឆ្លងដែនផ្សេងទៀត និង ៤. ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន