ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិក ឈុន ស៊ីង គ្រុប បាននាំយករថយន្តម៉ាក Hyundai ចំនួន ២គ្រឿង ជូនដល់រដ្ឋបាលក្រុងបាវិត និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រើប្រាស់តាមតម្រូវការ ក្នុងការផ្តល់សេវាសាធារណៈ និងបេសកកម្មការពារសន្តិសុខក្នុងមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង។

ឧកញ៉ា ហុង ឆេងឈុន បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បែបនេះថា៖ “ជាទឹកចិត្តបន្តិចបន្តួចក្នុងការចូលរួមជួយឧបត្ថម្ភឡាន ២ គ្រឿង ១គ្រឿងជូនទៅដល់រដ្ឋបាលក្រុងបាវិត និង១គ្រឿងទៀត ជូនទៅដល់រដ្ឋបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីជាប្រយោជន៍សាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្រុងបាវិត”។
សូមជម្រាបថា ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុន ស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ តែងចូលរួមបរិច្ចាគថវិកានិងធនធានផ្ទាល់ខ្លួនជួយដល់សង្គម និងរាជរដ្ឋាភិបាលកម្ពុជា។ ថ្មីៗនេះ លោកឧកញ៉ា ក៏បានដឹកនាំក្រុមការងារនាំយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារ ឧបភោគ បរិភោគ មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃផងដែរ៕








