លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានឱ្យដឹងថា សហរដ្ឋអាម៉េរិកកំពុងបន្ត ស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត សំដៅពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។
ការបញ្ជាក់បែបនេះរបស់លោកអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ពីសហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះ។ ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សហរដ្ឋអាម៉េរិកកំពុងបន្ត ស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត សំដៅពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចំពោះជំនួយ និងការគាំទ្រនានាដល់ប្រទេសកម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកពន្លឿនការអភិវឌ្ឍ និងការកសាងប្រទេសឡើងវិញ ក្រោយការបិទបញ្ចប់ជាស្ថាពរនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
មុននឹងបញ្ចប់ សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានបន្តពិភាក្សាអំពីវិធានការបន្ត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕



