ប្រាក់យ៉េន និងប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ ខណៈដែលជម្លោះមជ្ឈិមបូព៌ាកាន់តែរីករាលដាលបានផ្តោតការយកចិត្តទុកដាក់លើប្រទេសដែលពឹងផ្អែកលើការនាំចូលថាមពល និងរបៀបដែលធនាគារកណ្តាលអាចឆ្លើយតបទៅនឹងសម្ពាធអតិផរណា។

ប្រាក់ដុល្លារទទួលបានអត្ថប្រយោជន៍ពីតម្រូវការសុវត្ថិភាព ខណៈដែលសង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានរីករាលដាលដល់ប្រទេសជិតខាង។ ប្រាក់អឺរ៉ូបានស្ថិតក្រោមស្ថិរភាពបន្ទាប់ពីធ្លាក់ចុះជាង ១% ខណៈសង្ឃឹមថាការដឹកជញ្ជូនប្រេងពីតំបន់នេះនឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
លោក Satsuki Katayama រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានលើកឡើងថា អន្តរាគមន៍ទីផ្សាររូបិយប័ណ្ណនៅតែជាជម្រើសមួយដើម្បីការពារប្រាក់យ៉េន។
ទន្ទឹមគ្នានេះ លោក Rodrigo Catril អ្នកយុទ្ធសាស្ត្ររូបិយប័ណ្ណនៅធនាគារជាតិអូស្ត្រាលី ក៏បានលើកឡើងដែរថា «អឺរ៉ុប និងជប៉ុនលេចធ្លោក្នុងចំណោមសេដ្ឋកិច្ចធំៗ ដោយពួកគេនៅតែមានតម្រូវការយ៉ាងខ្លាំងក្នុងការនាំចូលថាមពល»។
ប្រាក់ដុល្លារ បើធៀបនឹងរូបិយប័ណ្ណផ្សេងទៀតមានតម្លៃ ៩៨.៤៩ បន្ទាប់ពីការកើនឡើង ០.៩% កាលពីពេលថ្មីៗនេះ។ ប្រាក់អឺរ៉ូបានកើនឡើង ០.០០៧% ដល់ ១.១៦៩៥ ដុល្លារ។
ប្រាក់យ៉េនបានកើនឡើង ០.០៩% ដល់ ១៥៧.២ ក្នុងមួយដុល្លារ បន្ទាប់ពីការធ្លាក់ចុះ ០.៨% កាលពីពេលថ្មីៗនេះ។ ដោយឡែក ប្រាក់ផោនមិនមានការប្រែប្រួលច្រើនទេ នៅតម្លៃ ១.៣៤០៧ ដុល្លារ។
ថ្មីៗនេះ អ៊ីស្រាអែលបានវាយប្រហារប្រទេសលីបង់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមហេសបូឡា ហើយទីក្រុងតេអេរ៉ង់បានបន្តការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើរដ្ឋឈូងសមុទ្រ។ ចំណែកឯប្រទេសកាតាបានបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវរបស់ខ្លួននៅថ្ងៃទី២មីនា ដែលជំរុញឱ្យមានការបិទរោងចក្រប្រេង និងឧស្ម័នជាបណ្តោះអាសន្ននៅទូទាំងមជ្ឈិមបូព៌ា៕



