ស្ថានទូតចិនប្រចាំកម្ពុជា បានសម្លឹងឃើញសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបង ខណៈស្ថានទូត ក៏នឹងពង្រឹងការស្វែងយល់ពីសក្ដានុពលចម្រុះបន្ថែមទៀត នៅខេត្តបាត់ដំបងផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងលោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៦។

នាឱកាសនោះ លោក សុខ លូ បានបង្ហាញពីស្ថានភាពភូមិសាស្រ្តខេត្តបាត់ដំបង សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាស្រ្តយ៉ាងប្រទាក់ក្រឡាដែលអំណោយផលដល់ការវិនិយោគ។ លោក សង្កត់ធ្ងន់ថា ខេត្តបាត់ដំបងមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃវេចខ្ចប់នៅមានកម្រិត។ក្នុងន័យនេះលោក ស្នើឯកឧត្តមឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។

ទន្ទឹមគ្នានេះ លោកក៏ស្នើភាគីចិនពិនិត្យលទ្ធភាពរៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងក្រុង ឬខេត្តណាមួយនៃប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប លោក វ៉ាង វិនពិន (Wang Wenbin) ក៏បានមើលឃើញច្បាស់ពីសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបងហើយស្ថានទូតចិនប្រចាំកម្ពុជាបានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆា និងអង្កររវាងប្រទេសទាំងពីរជាកិច្ចការអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និងកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។
ជុំវិញរឿងនេះ លោក ក៏បានលើកឡើងពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំប្រទេសកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបងព្រមទាំងនាំយកសក្ដានុពលរបស់ខេត្តបាត់ដំបងទៅបង្ហាញដល់អ្នកវិនិយោគចិនដោយឯកឧត្តមចាត់ទុកខេត្តបាត់ដំបងជាខេត្តមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសចិននិងកម្ពុជា។
តាមរយៈជំនួបនេះដែរ ស្ថានទូតចិន ក៏បានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងថែមទៀត៕ អត្ថបទ៖ ហ្សាលីន


