អ៊ុយក្រែន បញ្ជូនអ្នកជំនាញប្រឆាំងដ្រូនអ៊ឺរ៉ង់ទៅជួយកាតា អេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃទី១១ ខែមីនាថាបានបញ្ជូនក្រុមអ្នកជំនាញប្រឆាំងដ្រូន ទៅកាន់ប្រទេសឈូងសមុទ្រពែក្ស ដើម្បីជួយទប់ទល់នឹងការវាយប្រហារដ្រូនពិឃាតអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីរងការឈ្លានពានពីរុស្ស៊ីអស់រយៈពេល៤ឆ្នាំមកនេះ អ៊ុយក្រែនបានអភិវឌ្ឍប្រព័ន្ធការពារដើម្បីប្រឆាំង និងបាញ់កម្ទេចដ្រូនសត្រូវយ៉ាងស្ទាត់ជំនាញ។ អ៊ុយក្រែនបានអះអាងថា វាមានតម្លៃសមរម្យតែមានប្រសិទ្ធភាពខ្ពស់ បើធៀបនឹងប្រព័ន្ធការពារអាកាសថ្លៃៗដែលប្រទេសជាច្រើនកំពុងប្រើប្រាស់សព្វថ្ងៃ។  

ពេលនេះ អ៊ុយក្រែន បានចាប់ផ្ដើមចែករំលែកជំនាញដល់ប្រទេសក្នុងតំបន់ឈូងសមុទ្រចំនួន៣ រួមមានកាតា អេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលកំពុងរងការគំរាមកំហែងពីដ្រូនអ៊ីរ៉ង់ដែលជាប្រភេទតែមួយដែលរុស្ស៊ីតែងតែប្រើលើទីក្រុងកៀវ។

ជាថ្នូរនឹងការផ្ដល់ជំនួយបច្ចេកវិទ្យានេះ លោក ហ្សេលេនស្គី សង្ឃឹមថា ទីក្រុងកៀវ នឹងទទួលបានមកវិញនូវគ្រាប់មីស៊ីលការពារអាកាសប្រភេទ PAC-2 និង PAC-3 ដែលអ៊ុយក្រែនកំពុងខ្វះខាត។ លោកបញ្ជាក់ថា គ្រាប់មីស៊ីលទាំងនេះដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធការពារអាកាស Patriot នឹងជួយឱ្យអ៊ុយក្រែនមានសមត្ថភាពក្នុងការស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលបាលីស្ទិកពីរុស្ស៊ី៕