(មជ្ឈិមបូព៌ា)៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសជប៉ុន និងអូស្ត្រាលី នៅថ្ងៃទី១៦មីនានេះបានបង្ហាញជំហរបដិសេធ ចំពោះការអំពាវនាវរបស់សហរដ្ឋអាម៉េរិក ក្នុងការបញ្ជូននាវាចម្បាំងទៅជួយការពារច្រកសមុទ្រ Hormuz បើទោះបីជាមានសម្ពាធខ្លាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។ ការដកថយរបស់សម្ព័ន្ធមិត្តសំខាន់ៗទាំងពីរនេះ បានបង្កើតជាឧបសគ្គគួរឱ្យកត់សម្គាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើតសម្ព័ន្ធភាពយោធាអន្តរជាតិ ដើម្បីបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ។ នេះបើតាមសារព័ត៌មានThe Guardian។

ថ្មីៗនេះ លោក ត្រាំ បានអំពាវនាវឱ្យអឺរ៉ុប និងមហាអំណាចពិភពលោក រួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស បញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារនាវាដឹកជញ្ជូនប្រេង នៅច្រកសមុទ្រហ័រមូស។
ក្នុងចំណោមប្រទេសទាំងនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី (Shinjiro Koizumi) បានលើកឡើងថា ការបញ្ជូនកម្លាំងស្វ័យការពារទៅក្រៅប្រទេស គឺជាបញ្ហានយោបាយដ៏រសើបបំផុតសម្រាប់ប្រទេសជប៉ុនដែលប្រកាន់យកគោលការណ៍សន្តិភាពនិយម។
លោកបានសង្កត់ធ្ងន់ថា ជប៉ុនមានសមត្ថភាពយោធា មាននាវាចម្បាំង និងមានបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីបញ្ជូនទៅជួយអាម៉េរិក ប្រសិនបើចង់ធ្វើ តែ«លទ្ធភាពផ្នែកបច្ចេកទេស» និងការសម្រេចចិត្តថាតើ«គួរធ្វើឬមិនគួរ» ក្រោមស្ថានភាពបច្ចុប្បន្ន គឺជារឿងពីរដាច់ដោយឡែកពីគ្នា។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអូស្ត្រាលី អ្នកស្រី កាធើរីន ឃីង (Catherine King) ក៏បានបញ្ជាក់ ដែរថា អូស្ត្រាលីនឹងមិនបញ្ជូននាវាទៅកាន់ច្រកសមុទ្រ Hormuz នោះទេ ដោយលោកស្រីយល់ឃើញថា វាមិនមែនជាកិច្ចការដែលអូស្ត្រាលីត្រូវចូលរួមចំណែកក្នុងពេលនេះឡើយ។
គួរបញ្ជាក់ថា ការបដិសេធមិនចូលរួមប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរ បានធ្វើឱ្យរដ្ឋបាលលោក ត្រាំ កាន់តែឯកោ។ ជំហរនេះបង្ហាញពីភាពរកាំរកូសក្នុងសម្ព័ន្ធភាព និងការព្រួយបារម្ភថាការប្រើកម្លាំងបាយនឹងធ្វើឱ្យសង្គ្រាមមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំង៕



