ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីផ្លាស់ប្តូរទស្សនៈ ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែប្រសើរ។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមាន លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ជាមួយលោក Ian Hoskins ប្រធានផ្នែកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) និង លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណងចម្បងនៃជំនួបនេះគឺ ដើម្បីផ្លាស់ប្តូរទស្សនៈលើភាពជាដៃគូវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុបនាពេលអនាគត ដោយផ្តោតសំខាន់លើការអនុវត្តអភិក្រមក្រុមអឺរ៉ុប (Team Europe Approach) ក្នុងយុទ្ធសាស្ត្ររួមស្ដីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អឺរ៉ុប សម្រាប់កម្ពុជាឆ្នាំ២០២១-២០២៧ (JES 2021-2027) និង ក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប (European Global Gateway)។ អត្ថបទ៖ហ្សាលីន

